ដោយ: ម៉ាលីស

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបសម្តែងការគួរសម ជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញនៅអំឡុងលោកស្រី ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណ ចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។

លោក សាយ សំអាល់ ក៏បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្ស ដែលផ្តួចផ្តើមដោយលោកស្រី  Angelina Jolie ផងដែរ។

ក្រៅពីបេសកកម្មនេះ តារាភាពយន្តហូលីវ៉ូដAngelina Jolie មកបំ​ពេ​ញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី និងបានចូលរួមពិធីសម្ពោធជាផ្លូវការ នៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

លោកស្រីAngelina Jolie គឺជាស្ថាបនិកនៃគម្រោងUNESCO-GUERLAIN "Women for bees" ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ ក្នុងបេសកកម្មនេះ លោកស្រីAngelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។

ការបង្ហាញវត្តមានដ៏សំខាន់ ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕