ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងបរិបទកូវីដ១៩ គ្មានវិស័យមួយណា ដែលគេចផុតពីការទទួលរងនូវឥទ្ធិពលនោះទេ ហើយក៏មានបញ្ហាប្រឈមផងដែរ នៅក្នុងការធ្វើអាជីវកម្ម តែយ៉ាងណាក្ដីទន្ទឹមនឹងបញ្ហាប្រឈមនោះដែរ អ្នកវិនិយោគក៏នឹងមានឱកាសសម្រាប់ការពង្រីក និងបង្កើនសកម្មភាពអាជីវកម្មផងដែរ។
លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះថា បញ្ហាជាច្រើនដែលយើងបានជួបប្រទះ នៅក្នុងវិបត្តិនៃកូវីដ១៩នេះ ក្នុងនោះរួមមានការជួបមុខគ្នា កត្តានេះជាបញ្ហាមួយសម្រាប់ពួកយើង ដោយសារតែនៅក្នុងវិស័យអចលនទ្រព្យ យើងត្រូវការជួបប្រាស្រ័យទាក់ទងគ្នារវាងអ្នកទិញ អ្នកលក់ និងរូបយើង។
លោកបន្តថា "ក្នុងដំណាក់កាលនេះ យើងត្រូវរកដំណោះស្រាយណាមួយ ដូចជាករជួបគ្នាតាមប្រព័ន្ធអនឡាញ ធ្វើយ៉ាងណាឱ្យការទំនាក់ទំនងយើងកាន់តែមានប្រសិទ្ធភាព"។ លោកបន្តថា "នៅក្នុងស្ថានភាពបែបនេះតម្រូវការលើអចលនទ្រព្យឃើញថា មានការថយចុះមួយចំនួន ពីព្រោះថាក្នុងដំណាក់កាលនេះ មនុស្សខ្លាចរអារកូវីដ ជាពិសេសតម្រូវការអ្នកមកពីខាងក្រៅ ដោយសារតែពិបាកធ្វើដំណើរចូលមកកម្ពុជា ហើយពេលត្រលប់ទៅវិញ ក៏ប្រទេសរបស់គេតម្រូវឱ្យមានវិធានការចត្តាឡីស័កផងដែរ"។
លោកបន្ថែមថា តែយ៉ាងណាក្ដី ទោះបីជាយើងបានជួបនឹងវិបត្តិបែបនេះក្ដី ក៏អ្នកវិនិយោគនិងអ្នកពាក់ព័ន្ធ ក្នុងវិស័យមានឱកាសក្នុងការពង្រឹងអាជីវកម្ម និងសមត្ថភាពខ្លួនឯងដែរ។ ក្នុងដំណាក់ដែលលំបាក អ្នកដែលមានសមត្ថភាពនៅតែអាចធ្វើការបាន អ្នកដែលខិតខំប្រឹងនៅតែលេចធ្លោ ហើយដែលមិនខំប្រឹង នៅតែពិបាកមិនលេចធ្លោឡើយ។ ដូច្នេះនៅក្នុងដំណាក់កាលនេះ យើងគួរតែរៀនសូត្របន្ថែម ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ដូចពាក្យចាស់លោកថា នៅក្នុងគ្រោះតែងតែមានលាភ ទោះបីមានភាពប្រឈមយ៉ាងណាក៏ដោយ អ្នកវិនិយោគមានឱកាសវិនិយោគក្នុងសម័យនេះដែរ។
លោកបន្តថា "ក្នុងពេលនេះ អ្នកដែលមានបញ្ហាខ្លាំង គាត់អាចប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីសិក្សាពីតម្រូវការអចលនទ្រព្យនិងរកដំណោះស្រាយនានា"។
លោកច្រឹក សុខនីមបានបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក្ដី តែតម្លៃអចលនទ្រព្យទាំងនៅកម្ពុជា និងប្រទេសអាស៊ានជាច្រើនមិនទាន់មានការធ្លាក់ថ្លៃទេ តែផ្ទុយទៅវិញអចលនទ្រព្យតម្លៃថ្លៃៗ ក៏នៅតែមានការទិញលក់ដែរ។ ទាំងនេះវាបានបញ្ជាក់កូវីដ១៩ វាបានជះឥទ្ធិពលដល់សុខភាពសាធារណៈ តែវាមិនទាន់មានឥទ្ធិពល ដល់ការធ្វើឱ្យសេដ្ឋកិច្ចដួលរំលំនោះទេ ដូច្នេះវាជាឱកាសក្នុងការបណ្ដាក់ទុនវិនិយោគ សម្រាប់បន្តដំនើរសេដ្ឋកិច្ចទៅមុខ៕
No comments:
Post a Comment