ដោយ៖ សុធារី

កូឡាឡាំពួ៖ ក្រុមហ៊ុន AirAsia Group របស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ក្រុមហ៊ុនបានប្តូរឈ្មោះក្រុមហ៊ុនហូលឌីងដែលចុះបញ្ជីនៅផ្សារហ៊ុនរបស់ខ្លួនទៅជាឈ្មោះ Capital A ខណៈក្រុមហ៊ុនព្យាយាមស្វែងរកប្រាក់ចំណូលពីវិស័យមិនមែនអាកាសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលចុងសប្តាហ៍កន្លងមក។

លោក Tony Fernandes អគ្គនាយកក្រុមហ៊ុន Capital A បានថ្លែងថា ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនពន្លឿនផែនការពង្រីកការលូតលាស់នៅក្រៅអាជីវកម្មអាកាសចរណ៍។

កាសែត CNA បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ដែលស្ថិតនៅក្រោមចំណុះឱ្យក្រុមហ៊ុន Capital A នៅតែរក្សាឈ្មោះ AirAsia ដដែល ប៉ុន្តែក្រុមហ៊ុនហូលឌីងដែលជាក្រុមហ៊ុនមេនេះនឹងផ្តោតកាន់តែខ្លាំងលើការពង្រីកអាជីវកម្មផ្សេងទៀតដូចជា ឡូជីស្ទិក វិស្វកម្មយន្តហោះ មូលធនបណ្តាក់ទុនរួមគ្នា ការអប់រំ និងកម្មវិធីទូរស័ព្ទសម្រាប់ការទូទាត់ ការធ្វើដំណើរ និងជីវិតកម្សាន្ត។

លោក Fernandes បានថ្លែងថា "វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ជាសម័យថ្មីមួយសម្រាប់ក្រុមហ៊ុន។ ការប្រកាសនៅថ្ងៃនេះគឺដើម្បីប្រាប់ពិភពលោកថា យើងមានអាជីវកម្មលើសពីអាកាសចរណ៍"។

លោករំពឹងថា អាជីវកម្មមិនមែនអាកាសចរណ៍នឹងចូលរួមចំណែកពាក់កណ្តាលនៃប្រាក់ចំណូលរបស់ក្រុមហ៊ុនហូលឌីងនៅត្រឹមឆ្នាំ២០២៦។ ដូចទៅនឹងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដែរ ក្រុមហ៊ុន AirAsia បាននឹងកំពុងតស៊ូរស់ទាំងត្រដាបត្រដួស ខណៈដែលព្រំដែនថ្នាក់តំបន់បានបិទដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ផ្សារភាគហ៊ុនម៉ាឡេស៊ីកាលពីដើមខែនេះបានចាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍នេះថាជាក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុ៕