ដោយៈសុខុម
ប្រទេសចិន: ប្រេងបានធ្លាក់ថ្លៃហើយនៅថ្ងៃច័ន្ទ ទី១ វិច្ឆិកា បន្ទាប់ពីប្រទេសចិន ប្រកាសថា ខ្លួនបានបញ្ចេញស្តុកប្រេងសាំង និងប្រេងម៉ាស៊ូតដើម្បីជំរុញការផ្គត់ផ្គង់ដល់ទីផ្សារ ខណៈពេលបណ្ដាវិនិយោគិន កំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំ OPEC+ នៅថ្ងៃទី៤ វិច្ឆិកា ដ៏ខ្លីខាងមុខនេះ។
ទីភ្នាក់ងារជាតិគ្រប់គ្រងស្តុកស្បៀងអាហារ និងស្តុកទំនិញជាយុទ្ធសាស្ត្រ (National Food and Strategic Reserves Administration) របស់មហាយក្សចិន បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ប្រទេសចិន បានបញ្ចេញស្តុកប្រេងឥន្ធនៈទាំង២នេះ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់ទីផ្សារ និងដើម្បីរក្សាស្ថិរភាពតម្លៃក្នុងតំបន់មួយចំនួន។
ប្រេងឆៅក្នុងទីផ្សារអង់គ្លេស បានធ្លាក់ថ្លៃ២០សេន ឬស្មើនឹង០,២%មកនៅត្រឹម៨៣,៥២ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បន្ទាប់ពីឡើងថ្លៃ៦សេនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
ទន្ទឹមនេះប្រេងឆៅក្នុងទីផ្សារអាមេរិក បានធ្លាក់ថ្លៃ៣៧សេន ឬស្មើនឹង០,៤%មកនៅត្រឹម៨៣,២០ដល្លារអាមេរិក ក្នុងមួយបារ៉ែល ក្រោយឡើងថ្លៃ៧៦សេននៅក្នុងថ្ងៃដដែល។
ប្រេងនៅក្នុងទីផ្សារទាំង២នេះ បានធ្លាក់ថ្លៃកាលពីសប្តាហ៍មុន ដែលជាការធ្លាក់ថ្លៃប្រចាំសប្តាហ៍ជាលើកដំបូង ក្នុងរយៈពេល៨សប្តាហ៍ជាប់គ្នា សម្រាប់ទីផ្សារប្រេងអង់គ្លេស និងជាការធ្លាក់ថ្លៃលើកដំបូង ក្នុងរយៈពេល១០សប្តាហ៍ជាប់គ្នា សម្រាប់ទីផ្សារប្រេងអាមេរិក។
លោក Hiroyuki Kikukawa អ្នកគ្រប់គ្រងទូទៅផ្នែកសិក្សាស្រាវជ្រាវនៅក្រុមហ៊ុនមូលបត្រជប៉ុន Nissan Securities បានលើកឡើងថា "បណ្ដាវិនិយោគិនកំពុងកែសម្រួលស្ថានភាព ក្រោយពីលេចឮដំណឹងថាប្រទេសចិន បានបញ្ចេញស្តុកប្រេងឥន្ធនៈ និងនៅមុនកិច្ចប្រជុំ OPEC+"។
ពិភពលោកកំពុងតែចោលក្រសែភ្នែកសម្លឹងមើល និងរង់ចាំអ៊ុតលទ្ធផលនៃកិច្ចប្រជុំ OPEC+ (សមាគមនៃប្រទេសនាំចេញប្រេង (OPEC) + រុស្ស៊ី និងបណ្ដាសម្ព័ន្ធមិត្ត) នៅថ្ងៃទី៤ វិច្ឆិកា ដ៏ខ្លីខាងមុខនេះ ដែលក្រុមអ្នកវិភាគរំពឹងថា ភាគីដែលចូលរួមប្រជុំនឹងប្រកាន់ខ្ជាប់នូវផែនការរបស់ពួកគេ ក្នុងការបន្ថែមការផ្គត់ផ្គង់ប្រេង ឱ្យបាន៤០០.០០០បារ៉ែលក្នុងមួយថ្ងៃនៅខែធ្នូ ចុងឆ្នាំនេះ៕ Reuters៕
No comments:
Post a Comment