ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្នុងឆ្នាំ២០២១ កម្ពុជាបានជួបវិបត្តិកាន់តែធ្ងន់ពីវិបត្តិកូវីដ១៩ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ដល់អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះដែរក៏មានវិស័យអចលនទ្រព្យផងដែរ ប៉ុន្តែក៏មានម្ចាស់ក្រុមហ៊ុនមួយចំនួន បានតស៊ូជំនះឧបសគ្គឆ្លងកាត់ពីវិបត្តិនេះ ដោយឈរជើងបានរឹងមាំដដែល។
លោកខេន ឡូសហគ្រិនអចលនទ្រព្យមួយរូប នៅក្នុងប្រទេសបានចែករំលែកពីយុទ្ធសាស្ត្រ និងគន្លឹះសំខាន់ៗរបស់ខ្លួន ក្នុងការតស៊ូជាមួយនឹងបញ្ហា និងវិបត្តិកូវីដ១៩ រហូតឆ្លងកាត់មកដល់ដំណាក់កាលពេលនេះ ដោយរដ្ឋាភិបាលក៏បានប្រកាសបើកប្រទេសឡើងវិញបណ្ដើរៗ ។
លោកខេន ឡូនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury 21 Imperial Realty បានឱ្យដឹងផងដែរថា នៅពេលដែលចាប់ផ្ដើមផ្ទុះជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ លោកបានព្យាករណ៍ថា នឹងមានផលប៉ះពាល់កាន់តែខ្លាំងជាងឆ្នាំ២០២០កន្លងទៅ ដូច្នេះក្នុងអំឡុងពេលនោះ ប្រតិបត្តិការរបស់ក្រុមហ៊ុនយើង គឺធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតដោយមិនមានរុះរើ ឬក៏ពង្រីកទីផ្សារខ្លាំងនោះទេ តែយើងរកមធ្យោបាយធ្វើយ៉ាងណាត្រូវឈរជើងឱ្យនឹងនៅលើទីផ្សារ។
លោកបន្តថា "ក្នុងអំឡុងពេលនោះ យើងស្វះស្វែងរកហិរញ្ញវត្ថុពីប្រភពនានា ដើម្បីឱ្យប្រតិបត្តិការកក្រុមហ៊ុនយើង បានដើរទៅមុខដោយសន្សឹមៗ ដោយមិនបង្ខំនោះឡើយ"។
លោកបន្តថា បើសិនជាក្នុងដំណាក់កាលដ៏លំបាកនោះ យើងបិទក្រុមហ៊ុនឬផ្អាកសកម្មភាព ពេលនោះនឹងធ្វើឱ្យបុគ្គលិកយើង ក៏មានផលលំបាក។ ដូច្នេះនៅពេលដែលមានជំងឺកូវីដ១៩ កើតឡើងយើងបានត្រៀមហិរញ្ញវត្ថុរបស់យើង សម្រាប់ត្រៀមទុកទ្រទ្រង់រយៈពេលវែង ទើបធ្វើឱ្យយើងអាចឈរជើងមកដល់សព្វថ្ងៃនេះ។
លោកបន្តថា យើងបានរកហិរញ្ញប្បទានពីធនាគារ និងប្រភពមួយចំនួនទៀត សម្រាប់មកប្រើប្រាស់ និងដោះស្រាយបញ្ហានៅពេលជួបបញ្ហា។
យ៉ាងណាក្ដីមកដល់ពេលនេះ រដ្ឋាភិបាលក៏បានប្រកាសបើកប្រទេសឡើងវិញបណ្ដើរៗ ដែលអាចធ្វើឱ្យវិស័យទ្រទ្រង់សេដ្ឋកិច្ច មានសញ្ញាវិជ្ជមានឡើងវិញ ។ លោកខេនឡូ បានមានប្រសាសន៍ផងដែរថា សម្រាប់ការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលវានឹងផ្ដល់ផលវិជ្ជមាន ចំពោះសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំថ្មីឆ្នាំ២០២២ខាងមុខ ។
លោកបន្តថា "យើងមើលឃើញថាចាប់តាំងពីបុណ្យភ្ជុំបិណ្ឌរួចមក សកម្មភាពសេដ្ឋកិច្ចមួយចំនួនក៏បានប្រសើរ ជាក់ស្ដែងចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ចាប់ផ្ដើមកកស្ទះបណ្ដើរៗ ហើយសកម្មភាពអាជីវករនានាក្នុងរាជធានី ក៏ដូចជាតាមបណ្ដាខេត្តក៏ចាប់ផ្ដើមកក្រើកឡើងវិញផងដែរ"។
លោកបន្ថែមថា នៅពេលដែលរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ យើងមើលឃើញថាប្រជាពលរដ្ឋជាច្រើន បានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីបើកអាជីវកម្មរបស់គាត់ឡើងវិញដែរ។ សម្រាប់វិស័យអចលនទ្រព្យវិញក៏ដូចគ្នាដែរ យើងរំពឹងថានឹងមានសន្ទុះនៃការវិនិយោគ ហើយវិនិយោគិនអចលនទ្រព្យ ក៏នឹងចាប់ផ្ដើមបង្កើនសកម្មភាពចាស់ៗឡើងវិញជាមួយនឹងសកម្មភាពថ្មីរបស់ខ្លួនផងដែរ៕
No comments:
Post a Comment