ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា វិស័យសំណង់ គម្រោងធំៗនៅតែដំណើរការសាងសង់ និងដំណើរការល្អប្រសើរ និងបន្តលក់ដាច់ជាបន្តបន្ទាប់។
សម្តេចតេជោបានថ្លែងក្នុងពិធីបិទយុទ្ឋនាការចាក់វ៉ាក់សាំងដូសទី១ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា ពីមុនខ្មែរមានលុយ បានយកទៅដាក់នៅធនាគារនៅក្រៅប្រទេស ប៉ុន្តែឥលូវយកទៅដាក់នៅធនាគារក្រៅប្រទេសមិនបានទេ ហើយតាមព៌តមានពីសមាគមធនាគារកម្ពុជាបានឲ្យដឹងថា សាច់ប្រាក់ដែលធនាគារកំពុងមាន គឺមានទំហំ៣៧ពាន់លានដុល្លារ តែខ្វះអ្នកខ្ចី។
សម្តេចបន្តថា "អញ្ចឹងអ្នកមានលុយនៅក្នុងស្រុក មិនយកលុយទៅវិនិយោគនៅក្រៅប្រទេសដូចមុនទេ លុយហ្នឹងគឺគាត់ដាក់ក្នុងធនាគារក្នុងស្រុក"។ សម្តេចបន្តថា "គ្រួសារមួយៗបានទិញផ្ទះទុក ខ្លះទិញទុកលក់យកចំណេញនៅពេលឡើងថ្លៃ ប៉ុន្តែខ្លះទៀតគេសម្លឹងថា បើមានកូន៥ គេទិញទុកឲ្យកូនគេ អញ្ចឹងវាល្អសម្រាប់សេដ្ឋកិច្ច វិស័យសំណង់នៅតែល្អ"។
សម្តេចតេជោហ៊ុន សែនបានបន្តថា ក្រុមហ៊ុនជីប ម៉ុង ប៉េង ហ៊ួត ពិភពថ្មី និងបណ្តាក្រុមហ៊ុនសំណង់ដទៃទៀត គឺកំពុងសាងសង់បន្ត អត់មានថ្ងៃឈប់ គឺខ្វះទាំងកម្មករទៀតផង៕
No comments:
Post a Comment