ដោយៈលក្ខិណា

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្តិ "ការធ្វើបច្ចុប្ប ន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី"។

អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដែលកំពុងធ្វើសកម្មភាព រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ការប្រកាសដាក់ឱ្យអនុវត្តបទដ្ឋាន SOP ដ៏សំខាន់បំផុតនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តិ ដាក់ឱ្យអនុវត្តស្ដង់ដា SOP តាមគន្លងប្រក្រតីភាពថ្មី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិសេសគឺផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ។

លោកបណ្ឌិតបានថ្លែងថា ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេស​ចរណ៍ធំៗចំនួន៤ខាងលើ បានរៀបចំឡើងស្របតាមវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន។

លោកបន្តថា "វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍"។លោកបន្តថា "មូលដ្ឋានអាជីវកម្មទេសចរណ៍ណា បំពេញបានតាមលក្ខណៈវិនិច្ឆ័យ ដូចបានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ នឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្ម ដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩"។

លោកបានស្នើសុំរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះអនុវត្ត ចុះណែនាំ និងផ្សព្វផ្សាយដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ ភ្ញៀវទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ និងធានាឱ្យបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ៕