ដោយៈតារារះ
ភ្នំពេញៈ ក្រសួងបរិស្ថានបានបង្ហាញរូបថតមូយចំនួន ពីទិដ្ឋភាពដ៏ស្រស់ស្អាត នៃតំបន់ភ្នំ១៥០០ ស្ថិតនៅក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិសាត់ ដែលជាតំបន់មានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីសក្តានុពល និងធនធានទេសចរណ៍តំបន់នេះផងដែរ ដែលការអភិវឌ្ឍន៍តំបន់នេះបាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែន ជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។
ប្រសិនបើភ្ញៀវទេសចរណ៍ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។ ជម្រើសទី១ ប្រសិនបើយើងធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើយើងធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ នោះគេនឹងបាន ប្រទះនឹងរមណីយភាពជាច្រើនសម្បូរបែប។
ចេញពីរង្វង់មូលប្រមោយប្រមាណ៣០គីឡូម៉ែត្ររួចមក ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំ រាងដូចអន្ទង់អាំង "ផ្លូវបុប្ផាលាក់ខ្លួន" ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ប្រសិនបើគេមើលពីផ្នែកលើ។ ដោយសារតែត្រូវឆ្លងកាត់តំបន់ភ្នំ១៥០០ ទើបក្រុមវិស្វកម្មខិតខំស្ថាបនាផ្លូវបត់បែនឡើង ដើម្បីទម្លុះឱ្យដល់ឃុំថ្មដា ដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។
នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។
បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋាន ទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតនឹងមាត់ផ្លូវធ្វើដំណើរ មិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។
អាកាសធាតុនៅក្នុងតំបន់នេះ គឺមានសភាពត្រជាក់ស្រួល នៅពេលសម្រាកនាពេលយប់ ញាំងឱ្យការទស្សនា និងសម្រាកលម្ហែនៅតាមតំបន់ទេសចរណ៍ នៃស្រុកវាលវែង កាន់តែទទួលបាននូវភាពមនោរម្យគួរជាទីសុខដុម។ នេះមិនទាន់និយាយអំពីតំបន់ទេសចរណ៍ផ្សេងៗទៀត ដែលកំពុងត្រៀមចាំស្វាគមន៍ភ្ញៀវទេសចរនោះនៅឡើយ។ នៅតាមផ្លូវដំណើរ ជីវភាពប្រជាជនមានការរស់នៅសម្បូរសប្បាយ ខណៈការរស់នៅរបស់ពួកគាត់ គឺផ្សារភ្ជាប់ជាមួយធម្មជាតិ ដើមឈើ ចម្ការដំណាំ នៅក្បែរៗនឹងផ្ទះរបស់ប្រជាជន៕
No comments:
Post a Comment