ដោយៈគង់ សូរិយា

ភ្នំពេញៈ ទំហំឥណទាន និងប្រាក់បញ្ញើរនៅធនាគារហត្ថា នៅតែសម្រេចបានកំនើនល្អប្រសើរ នៅអំឡុងត្រីមាសទី៣ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៦ កញ្ញានេះថា គិតពីត្រីមាសទី១ ដល់ត្រីមាសទី៣ឆ្នាំនេះ ទំហំឥណទាននិងប្រាក់បញ្ញើររបស់ធនាគារហត្ថានៅតែបន្តមានភាពរីកចម្រើន ដោយអ្វីៗនៅតែដំណើរការធម្មតា ដែលមានន័យថាសុខភាពរបស់ធនាគារនៅតែមានភាពរ៉ឹងមាំ។

លោកឧកញ៉ាបានបន្តថា "ឥណទានដែលមានភាពលូតលាស់ជាងគេ របស់ធនា​គារគឺ វិស័យកសិកម្ម វិស័យសហគ្រាសធុនតូចនិងមធ្យម ខណៈដែលវិស័យសំណង់ អចលន ទ្រព្យ និងទេសចរណ៍មានការធ្លាក់ចុះបន្តិច"។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាសញ្ញាប្រសើរមួយផងដែរ សំរាប់ធនា​គារក៏ដូចជាវិស័យនេះ ដោយការរៀបចំឥណទានឡើងវិញ បានថយចុះបន្តិច ដែល​មានន័យថា សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋបាន និងកំពុងមានភាពប្រសើរឡើងវិញបណ្តើរ ស្របពេលរដ្ឋាភិបាលបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច ដោយ​សារការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានថមថយក្នុងមួយរយៈចុងក្រោយនេះ៕