ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងសាងសង់ផ្លូវពីរខ្សែទៀត តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់ស្តាតមរតកតេជោ សម្រាប់សម្រួលការធ្វើចរាចរណ៍ អំឡុងពេលកម្ពុជា រៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ។
តាមព៌តមានទទួលបានពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានបើកកិច្ចប្រជុំនៅរសៀលថ្ងៃទី៦ កញ្ញាកន្លងមកនេះ ដើម្បីពិភាក្សាទៅលើបញ្ហាបច្ចេកទេសនិងផលប៉ះពាល់ជាមួយគម្រោងនៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។
លោកឃួង ស្រេង បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេសដែលដឹកនាំដោយលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី និងលោកមាន ចាន់យ៉ាដា ជាអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ ត្រូងអនុវត្តការងារនេះឲ្យបានលឿន និងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារនៃការស្ថាបនាផ្លូវ អនុវត្តការងារឲ្យបានលឿន មិនមានការរាំងស្ទះ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុងមួយខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រ ដែលមានទទឹង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង។
ការស្ថាបនាផ្លូវនេះ ក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះត្រូវដាក់លូជា អក្សអ៊ុយ (U) នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ៕
No comments:
Post a Comment