ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លីមួយរូបបានថ្លែងថា គំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងផ្តល់ផលវិជ្ជមានយ៉ាងច្រើនដល់វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម។

ជាទូទៅគេសង្កេតឃើញថា គម្រោងអភិវឌ្ឍន៍របស់រដ្ឋ តែងតែជះឥទ្ធិពលដល់ការវិនិយោគនិងតម្លៃ នៃអចលនទ្រព្យ ជាក់ស្ដែងនាពេលកន្លងមកនៅពេលរដ្ឋាភិបាលប្រកា​សសាងសង់អ្វីមួយ តែងតែធ្វើឱ្យមានឥទ្ធិពល ដល់ការវិនិយោគនិងតម្លៃនៃអចលនទ្រព្យនៅតំបន់ក្បែរៗនេះ។

លោកឧកញ៉ា កាង សុធី អគ្គនាយកនៃក្រុមហ៊ុន Century 21 Land Station បានមានប្រសាសន៍ថា ជាធម្មតាគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំឃើញថា មានគ្រប់ទិសទីគ្រប់ទីកន្លែង។ ទោះបីជាកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ក្ដីក៏កម្ពុជានៅតែបន្តអភិវឌ្ឍន៍ គម្រោងជាបន្តបន្ទាប់ផងដែរ ។

លោកបន្តថា "ការអភិវឌ្ឍទាំងនោះ យើងមើលឃើញថាមានគម្រោងធំៗមួយចំនួនបានធ្វើឱ្យចលនា នៃតម្លៃដីធ្លីកម្រើក ឬអាចចូលលក្ខណៈដីហើមទៀតផង"។

លោកឧកញ៉ាកាង សុធីបានបន្តថា ដូចយើងបានឃើញស្រាប់គម្រោងមួយចំនួនដែលរដ្ឋាភិបាលកំពុងសាងសង់នៅពេលនេះ បានធ្វើឱ្យតម្លៃហក់តម្លៃខ្ពស់ខ្លាំង ដូចជាគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញ គម្រោងផ្លូវល្បឿនភ្នំពេញ ក្រុងព្រះសីហនុ និងគម្រោងពហុកីឡដ្ឋានមរតកតេជោ។

លោកបន្តថា នៅពេលលេចលឺព័ត៌មាន ពីការអភិវឌ្ឍគម្រោងអ្វីមួយរបស់រដ្ឋាភិបាល អ្នកដែលស្រលាញ់វិស័យអចលនទ្រព្យ តែងតែស្វែងរកដីធ្លីនៅជុំវិញតំបន់នោះរួចជាស្រេច ដែលធ្វើឱ្យចរន្តនៃការទិញលក់ដីធ្លីកាន់តែសន្ទះ និងធ្វើឱ្យតម្លៃកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

លោកឧកញ៉ាបន្ថែមថា នៅពេលរដ្ឋាភិបាលអភិវឌ្ឍន៍គម្រោងអ្វីមួយនោះ គឺតែងតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភ្ជាប់ជាមួយ ជាក់ស្ដែងព្រលានយន្តហោះ ពហុកីឡដ្ឋានជាដើម គឺបានអភិវឌ្ឍជាមួយ នឹងហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងមូលដ្ឋានទាំងនោះ ដូច្នេះហើយពេលមានហេដ្ឋារចនាសម្ព័ន្ធ វិនិយោគិននឹងចូលទៅរកការវិនិយោគ ជាបន្តបន្ទាប់តាមក្រោយផងដែរ៕