ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការវិនិយោគដីធ្លីនៅក្នុងប្រទេសកម្ពុជា នារយៈពេលជាង១ទសវត្សរ៍កន្លងមកនេះឃើញថា កាន់តែមានសន្ទុះ និងមានការអភិវឌ្ឍខ្លាំង ជាក់ស្ដែងក្នុងអំឡុងនៃកូវីដ១៩នេះក្ដី ក៏ការវិនិយោគដីធ្លីនៅតែមានសន្ទុះ និងការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនដដែល ក្នុងនោះដែរដី៥ប្រភេទ ដែលវិនិយោគគួរយល់ដឹងនិងពិចារណា ក្នុងការស្វែងរកការវិនិយោគដើម្បីទទួលបានប្រាក់ចំណេញខ្ពស់និងភ្លាមៗ។
លោកស្រីហ្គ្រេស រចនី ហ្វុងនាយិកាក្រុមហ៊ុនCentury 21 Cambodia បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ កញ្ញានេះថា ដី៥ប្រភេទដែលរដ្ឋាបាលបានគូសជាប្លង់មេដែលភាគច្រើន មិនសូវបានចាប់អារម្មណ៍ រួមមាន
ទី១ ដីសម្រាប់សាងសង់ជាពាណិជ្ជកម្មឬក៏អគារខុនដូ
ដីប្រភេទនេះ អ្នកវិនិយោគគួរពិនិត្យមើលថា តើមានផ្លូវចេញច្រើនដែរទេអាចសាងសង់អគារឡើងបានប៉ុន្មានជាន់ ហើយការរស់នៅលក្ខណៈក្នុងខុនដូមានភាពងាយស្រួលកម្រិតណា ។
ទី២ ជាដីសម្រាប់ការរស់នៅ
ដីប្រភេទនេះ គឺផ្ដោតលើការចាប់អារម្មណ៍ សម្រាប់អ្នកសាងសង់លំនៅឋានជាបុរី ហើយម្ចាស់បុរីធំៗនៅកម្ពុជា តែងតែចាប់អារម្មណ៍លើដីប្រភេទនេះ ។
ទី៣ ដីសម្រាប់ការសាងសង់ជាឃ្លាំង
ដីប្រភេទនេះគឺមានលក្ខណៈខ្នាតធំៗ និងមានផ្លូវសម្រាប់ឡានកុងតឺន័រធំៗ ចេញចូលក្នុងការលើកដាក់ទំនិញបាន ។ នៅប្រទេសក្រៅការវិនិយោគលើឃ្លាំង គឺរដ្ឋាភិបាលគេរៀបចំដីម្ដុំ សម្រាប់ងាយស្រួលក្នុងការស្តុកទំនិញនានា។
ទី៤ ដីដែលសំខាន់មួយទៀតគឺប្រភេទដីកសិកម្ម
អ្នកវិនិយោគលើវិស័យកសិកម្ម ក៏ត្រូវសិក្សាទៅលើដីប្រភេទនេះផងដែរថា តើវាអាចដាំដុះលើដំណាំអ្វីបានខ្លះ។ អ្នកវិនិយោគខ្លះទៀតមុននឹងចាប់ផ្ដើម ដាក់ទុនលើដំណាំអ្វីមួយទៅលើដីប្រភេទកសិកម្ម ក៏មានក្រុមជំនាញផ្នែកកសិកម្មធ្វើតេស្តដីថា តើវានឹងផ្ដល់សក្ដានុពលលើដំណាំប្រភេទ ដែលគ្រោងវិនិយោគបានដែរទេ។
ទី៥ ដីទេសចរណ៍
ដីប្រភេទនេះអាចសាងសង់ជារីសត និងជាសណ្ឋាគារបាន ។ ដូចយើងបានឃើញហើយថាតំបន់ណា ដែលមានរមណីយដ្ឋាន និងកន្លែងកម្សាន្ត តែងតែទទួលបានការវិនិយោគទៅលើអចលនទ្រព្យ ដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ខេត្តកែប កំពត និងខេត្តព្រះសីហនុជាដើម។
ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធីអគ្គនាយកក្រុមហ៊ុនCentury21 Land stationបានមានប្រសាសន៍ឲ្យដឹងផងដែរថា សព្វថ្ងៃនេះ លោកបានវិនិយោគលើដី៣ប្រភេទ ទី១ ជាប្រភេទដីសម្រាប់សាងសង់ ទី២ ជាប្រភេទដីសម្រាប់ជួលបើកជាសិប្បកម្ម និងមួយទៀត គឺការវិនិយោគដីសម្រាប់វិនិយោគពេលយូរ ដែលមានន័យថាទិញដីទុកសម្រាប់យកប្រាក់ចំណេញ នៅពេលអនាគត ពេលដែលវាឡើងថ្លៃ ។
លោកឧកញ៉ាបន្តថា មុននឹងលោកទិញដីសម្រាប់ធ្វើអ្វីមួយ នៅតំបន់ណានោះគឺលោកបានសិក្សាច្បាស់លាស់ ទៅលើសក្ដានុពលនៅពេលបច្ចុប្បន្ននៅអនាគត ។ លោកថា៖«ការវិនិយោគទៅលើដី គឺមានឱកាសក្នុងការរកប្រាក់ចំណេញ ជាងអចលនទ្រព្យផ្សេងៗ ពីព្រោះដីដែលមិនទាន់ច្នៃ គេអាចកែច្នៃទៅតាមអ្វី ដែលជាជំនាញរបស់អ្នកអភិវឌ្ឍន៍៕
No comments:
Post a Comment