សុខុម
ក្រុងហ្ស៊ូរិច: បម្រែបម្រួលអាកាសធាតុនឹងជួយជំរុញឱ្យបុព្វលាភធានារ៉ាប់រងលើអចលនទ្រព្យកើនឡើងខ្ពស់រហូតដល់ទៅ៣ដងនៅរយៈពេល២ទសវត្សរ៍ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៧ កញ្ញា នេះ។

ផ្អែកតាមរបាយការណ៍សិក្សាប្រចាំឆ្នាំដែលក្រុមហ៊ុនធានារ៉ាប់រងស្វ៊ីស Swiss Re បានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ កញ្ញា បង្ហាញថា អាកាសធាតុកំណាចដែលកើតឡើងកាន់តែញឹកញាប់ ការកើនឡើងនីវ៉ូទឹកសមុទ្រ និងភ្លើងឆេះព្រៃទូទាំងពិភពលោកនឹងជំរុញឱ្យការទិញធានារ៉ាប់រងសម្រាប់ការពារសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធកើនឡើងលឿនជាងផ្នែកផ្សេងៗទៀតនៃឧស្សាហកម្មមួយនេះ។

ក្រុមហ៊ុន Swiss Re ដែលផ្តល់ការធានារ៉ាប់រងដល់ក្រុមហ៊ុនធានាផ្ដល់សេវាកម្មធានារ៉ាប់រងផ្សេងៗទៀតបានធ្វើការព្យាករអំពីនិន្នាការចម្បងៗដែលជំរុញវិស័យនេះរហូតដល់ឆ្នាំ២០៤០។

យោងតាមរបាយការណ៍សិក្សារបស់ខ្លួនបង្ហាញថា ខណៈបុព្វលាភធានារ៉ាប់រង (ចំនួនប្រាក់ដែលអតិថិជនបង់ជូនក្រុមហ៊ុនធានារ៉ាប់រងជាប្រចាំ) លើអចលនទ្រព្យ និងការធានារ៉ាប់រងបន្តដែលបូកបញ្ចូលគ្នានឹងកើនឡើងជាងទ្វេដងរហូតដល់៤.៣ទ្រីលានដុល្លារអាមេរិក គ្រាន់តែបុព្វលាភធានារ៉ាប់រងលើអចលនទ្រព្យមួយត្រូវបានព្យាករថានឹងកើនឡើងជិត៣ដងឯណោះ។

របាយការណ៍សិក្សាដដែលបានបញ្ជាក់ថា ជាមួយនឹងទំហំបុព្វលាភកើនឡើងរហូតដល់ទៅ១,៣ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៤០ បុព្វលាភធានារ៉ាប់រងលើអចលនទ្រព្យនឹងមានចំណែកស្មើ២៩%នៃបុព្វលាភដែលប្រមូលបានទាំងអស់ ដោយកើនឡើងពីប្រមាណ២៥%នៅក្នុងឆ្នាំ២០២០។

ដោយមនុស្សកាន់តែច្រើនរស់នៅតាមទីក្រុង ហើយទ្រព្យសម្បត្តិកើនឡើងនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ខ្លាំង លំនៅដ្ឋាន ផ្លូវដែក ស្ថានីយថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតនឹងត្រូវការនូវការការពារ ពោលគឺធានារ៉ាប់រងនេះតែម្ដង។ បុព្វលាភធានារ៉ាប់រងលើអចលនទ្រព្យមានចំនួនប្រហែល៤៥០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០៕
No comments:
Post a Comment