ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បើនិយាយពីអ្នកដែលប្រឡូក ក្នុងវិស័យអចលនទ្រព្យកាលពីមុនៗ គេសង្កេតឃើញថា ភាគច្រើនគឺជាបុរស និងមិនសូវមានស្ត្រី ជាអ្នកចូលរួមប្រឡូកឬប្រកបអាជីពក្នុងវិស័យនេះប៉ុន្មានទេ។
ប៉ុន្តែក្រោយមកដោយសារតែកំណើននេះ កាន់តែមានភាពរីកចម្រើនក៏ឃើញថាមានស្ត្រី កាន់តែច្រើនបានចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ។ តើស្ត្រីត្រូវជួបឧបសគ្គអ្វីខ្លះ នៅក្នុងការប្រឡូកជាមួយវិស័យអចលនទ្រព្យនេះ?។
លោកស្រី អាន សុធីតា ជាអ្នកជំនួញស្ត្រីមួយរូបក្នុងវិស័យអចលនទ្រព្យជាយូរមកហើយនោះ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Property area ឱ្យដឹងថា នៅក្នុងវិស័យអចលនទ្រព្យ វាមិនមែនសំដៅទៅលើតែការទិញលក់ មួយប៉ុណ្ណោនោះទេ ។ នៅក្នុងវិស័យនេះ វាមានច្រើនផ្នែក តួយ៉ាងដូចជាសេវាកម្មខាងវាយតម្លៃ ដែលតម្រូវឱ្យបុគ្គលិកចុះទៅវាយតម្លៃផ្ទាល់ៗ នៅតាមខេត្ត មិនថាអចលនទ្រព្យប្រភេទអ្វីក៏ដោយ មិនថាកសិកម្មឬឧស្សាហកម្មផ្សេងៗឡើយ ។
លោកស្រីបន្តថា ពេលខ្លះបុគ្គលិកជាស្ត្រីរបស់យើង ក៏ចុះទៅតាមខេត្តដោយធ្វើដំណើរជាមួយបុរសៗភាគច្រើន ឬទៅជួបជាមួយនឹងភ្ញៀវដែលមិនស្គាល់មុខ តែនៅមានឧបសគ្គមួយចំនួនទៀត ដែលបុគ្គលិកផ្នែកអចលនទ្រព្យជាស្ត្រី ត្រូវប្រឈមដូចជាចុះទៅតាមការដ្ឋានសំណង់ដែលកំពុងសាងសង់ ដែលជាហានិភ័យសម្រាប់ស្ត្រីទាក់ទងនឹងគ្រោះថ្នាក់ ហើយអ្វីដែលប្រឈមបំផុតសម្រាប់ស្ត្រី ក្នុងវិស័យអចលនទ្រព្យនោះ គឺទាក់ទងនឹងផ្នែកទិញលក់។
លោកអាន សុធីតាស្រីនិយាយថា "ជាទូទៅតែងមានគេនិយាយថា ដើម្បីលក់អចលនទ្រព្យបានគឺត្រូវតែហ៊ានលះបង់ ដូចជា ការទៅញ៉ាំកាហ្វេជាមួយភ្ញៀវ ញ៉ាំបាយជាមួយភ្ញៀវមិនថាបាយថ្ងៃត្រង់ ឬបាយល្ងាច និងធ្វើឱ្យភ្ញៀវសប្បាយចិត្ត "។លោកស្រ្តីបន្តថា "ជាទស្សនៈខ្ញុំគិតថាវាខុសទាំងស្រុង ពីព្រោះថាបើសិនជាធ្វើបែបនេះ គឺវាខុសនឹងក្រមសីលធម៌ហើយ ។ ការទិញលក់មិនចាំបាច់ទាល់តែ ធ្វើឱ្យភ្ញៀវស្រវឹងទើបសម្រេចការទិញលក់នោះទេ"។
លោកស្រីបន្ថែមថា បើសិនយើងគិតថាជាឧបសគ្គនោះ វានឹងក្លាយជាឧបសគ្គតែបើយើងគិតងាយៗ យើងមិនចាំបាច់ធ្វើដល់ថ្នាក់នោះឡើយ ។ បើត្រឹមតែយើងញ៉ាំកាហ្វេជជែកជាមួយភ្ញៀវ ពិភាក្សាជាមួយនិងពន្យល់ភ្ញៀវពីសេវាកម្ម និងផលិតផលនោះវាមិនមានអ្វីជាឧបសគ្គសម្រាប់ស្ត្រី ក្នុងជំនួញអចលនទ្រព្យនោះទេ។ អ្វីដែលស្ត្រីក្នុងជំនួញអចលនទ្រព្យត្រូវដឹងនោះ គឺស្គាល់ពីផលិតផលឱ្យច្បាស់ និងស្គាល់ភ្ញៀវ ហើយសំខាន់បំផុតនោះគឺស្វែងរកដំណោះស្រាយជូនភ្ញៀវ ។
ជាការកត់សម្គាល់ក្នុងវិស័យអចលនទ្រព្យកម្ពុជានេះ ស្ត្រីកាន់តែច្រើនបានប្រឡូកក្នុងវិស័យអចលនទ្រព្យ ក្នុងនោះរាប់តាំងពីការលក់ដីឡូត៏ លក់ផ្ទះ លក់ខុនដូ និងមានស្ត្រីជាច្រើនទៀត បានក្លាយជាអ្នកដឹកនាំ ក្នុងក្រុមហ៊ុនអចលនទ្រព្យ និងកំពុងទទួលបានការគាំទ្រពីវិនិយោគិន និងសាធារជនក្នុងប្រទេសកម្ពុជាផងដែរ៕
No comments:
Post a Comment