ដោយៈ សុខុម
ស៊ីដនី: តម្លៃលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលី បានធ្លាក់ចុះ៣ខែជាប់ៗគ្នាក្នុងខែកក្កដា ហើយការធ្លាក់ចុះនេះ បានបង្កើនល្បឿនកាន់តែលឿន ខណៈក្រុងស៊ីដនី ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងពេលជិត៤០ឆ្នាំមកនេះ។
ការធ្លាក់ចុះនេះកើតមានឡើង ស្របពេលអត្រាការប្រាក់កើនឡើង ហើយពលរដ្ឋក្នុងប្រទេសនេះ កំពុងជួបវិបត្តិថ្លៃចំណាយជីវភាព កើនឡើងខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃច័ន្ទ ទី០១ ខែសីហា នេះ។
ក្រុមហ៊ុនពិគ្រោះយោបល់អចលនទ្រព្យ CoreLogic នៅថ្ងៃច័ន្ទ នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានទូទាំងប្រទេសនេះ បានធ្លាក់ចុះ១,៣%ក្នុងខែកក្កដា បើធៀបនឹងខែមិថុនា ដែលបានធ្លាក់ចុះ០,៦%។
ការធ្លាក់ចុះនេះភាគច្រើន កើតមានឡើងនៅបណ្ដាទីក្រុងសំខាន់ៗ ដែលបានធ្លាក់ចុះ១,៤%ក្នុងខែកក្កដា ខណៈកំណើនប្រចាំឆ្នាំបានធ្លាក់ចុះ៥,៤%។

តម្លៃអចលនទ្រព្យក្នុងទីក្រុងស៊ីដនី បានធ្លាក់ចុះ២,២%ក្នុងខែកក្កដា ចំណែកឯនៅក្រុងមែលប៊ន (Melbourne) បានធ្លាក់ចុះ១,៥%។ កំណើនប្រចាំឆ្នាំក្នុងក្រុងស៊ីដនី បានធ្លាក់ចុះមកនៅត្រឹម១,៦% ដែលខុសគ្នាឆ្ងាយពីក្នុងឆ្នាំ២០២១ ដែលតម្លៃផ្ទះបានហក់ឡើង១ភាគ៤។
តម្លៃលំនៅដ្ឋានក្នុងទីក្រុងផ្សេងៗទៀត ក៏ចាប់ផ្ដើមធ្លាក់ចុះដែរ ដោយក្រុងប៊្រីសបេន (Brisbane) បានធ្លាក់ចុះ០,៨% ក្រុងកង់បេរ៉ា (Canberra) ធ្លាក់ចុះ១,១% ហើយក្រុងហូបាត (Hobart) ធ្លាក់ចុះ១,៥%៕ Reuters៕
No comments:
Post a Comment