ដោយៈ ម៉ាលីនណា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី៣ កក្កដានេះ បានសម្រេចបង្កើត "មូលនិធិសម្តេចតេជោសម្រាប់សកម្មភាពមីន - Samdech Techo Fund for Mine Action_STF – MA" ។
មូលនិធិនេះបង្កើតឡើងក្រោមទិសស្លោក "ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម - Providing Safe Ground, Creating Smiles" ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន។ នេះបើតាមលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
មូលនិធិនេះ បានកើតចេញពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងជាថ្ងៃដ៏អស្ចារ្យមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុល ពីកាកបាតក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជា គ្រួសារវិស័យសកម្មភាពមីនកម្ពុជា បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។
លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា បន្ទាប់ពីមានការចូលរួមវិភាគទាននេះ អាជ្ញាធរមីន បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិត សម្រាប់កំណត់គោលដៅបោសសម្អាត មីនជាអាទិភាព។
ជាមួយគ្នានេះ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិរួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដើម្បីធ្វើការបែងចែកកម្លាំងបោសសម្អាតមីន និងធនធាននានាតាមគោលការណ៍កំណត់ជាអាទិភាព ក្នុងគោលដៅផ្តល់សុវត្ថិភាពនិងស្នាមញញឹមជាប្រជាពលរដ្ឋកម្ពុជា៕
No comments:
Post a Comment