ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ កំណើនប្រជាពលរដ្ឋក្នុងស្រុកទិញខុនដូ សម្រាប់ស្នាក់នៅកាន់តែមានចំនួនច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសចាប់តាំងពីកម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩ ដែលធ្វើឱ្យបរទេសចូលមកកម្ពុជាមានចំនួនតិចតួច និងពលរដ្ឋកម្ពុជាមិនអាចចេញក្រៅប្រទេស។
ការកើនឡើងនៃពលរដ្ឋកម្ពុជា ទិញខុនដូកាន់តែច្រើននេះ បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ធ្វើពិពិធកម្ម លើការសាងសង់ ដើម្បីតម្រូវទៅលើពលរដ្ឋក្នុងស្រុក។
លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍នាព្រឹកថ្ងៃទី២ មិថុនានេះថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាពិសេសចាប់តាំងពីរដ្ឋាភិបាល បើកប្រទេសឡើងវិញឃើញថា ប្រជាពលរដ្ឋក្នុងស្រុក បានទិញខុនដូកាន់តែមានចំនួនឡើង ជាក់ស្ដែងអតិថិជនរបស់ក្រុមហ៊ុន ERA រយៈពេលប៉ុន្មានខែនេះ ភាគច្រើនគឺជាអតិថិជនក្នុងស្រុក ដែលមានប្រមាណ៩៥ភាគរយ។
លោកបន្តថា "ចំនួននេះ គឺជាតួលេខខ្ពស់ និងជាសញ្ញានៃការកើនឡើងប្រជាពលរដ្ឋក្នុងស្រុកងាកទៅរស់នៅក្នុងខុនដូ"។ លោកបន្តថា ការកើនឡើង ចំនួនប្រជាពលរដ្ឋក្នុងស្រុកទិញខុនដូ ដើម្បីស្នាក់នៅនេះដែរ ក៏បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូមួយចំនួន ចាប់ផ្ដើមកែប្រែការអភិវឌ្ឍរបស់ខ្លួន តម្រូវសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ខុសកាលពីការអភិវឌ្ឍខុនដូដំបូងៗ ដែលតម្រូវសម្រាប់អតិថិជនក្រៅប្រទេស"។
ការផ្លាស់ប្តូរនេះ រួមមាន កែប្រែទាំងតម្លៃ និងការរចនានៅក្នុងអគារខុនដូផងដែរ ។
លោកខន គង្គាបានរំពឹងថា កំណើននៃប្រជាពលរដ្ឋកម្ពុជាងាកទៅរស់ក្នុងខុនដូនៃប្រទេសកម្ពុជា នឹងកាន់តែមានចំនួនច្រើនឡើងៗ ខណៈកំណើនប្រាក់ចំណូល និងតម្រូវការលំនៅឋានក៏មានចំនួនច្រើនដូចគ្នាផងដែរ ។
យ៉ាងណាក្ដីក្នុងឆ្នាំ២០២២នេះ គម្រោងខុនដូមួយចំនួនត្រូវបានមើលឃើញថាហាក់នៅទ្រឹង ស្របពេលអ្នកជំនាញមួយចំនួន បានមើលឃើញពីឱកាសនៃការវិនិយោគខុនដូ ក្នុងប្រទេសកម្ពុជានៅតែខ្ពស់ ជាពិសេសរយៈពេលប៉ុន្មានឆ្នាំខាងមុខ រំពឺងថាទីផ្សារខុនដូនឹងកើនឡើងខ្ពស់ និងទាមទារ ឱ្យមានការវិនិយោគបន្ថែម ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញពីចំនួនខុនដូដែលរំពឹងថា ផ្គត់ផ្គង់លើទីផ្សារក្នុងឆ្នាំ២០២២នេះ មានចំនួនជាង ១៣,០០០យូនីត ប៉ុន្តែរយៈពេល១ត្រីមាសដំបូងការផ្គត់ផ្គង់ខុនដូ ទៅលើទីផ្សារមានចំនួនតិចតួចនៅឡើយ៕
No comments:
Post a Comment