ដោយ៖ សុខុម
អន្តរជាតិ: ហុងកុង ដែលធ្លាប់ជាមូលដ្ឋានដ៏រឹងមាំនៃសេរីភាពសារព័ត៌មាននៅអាស៊ី បានធ្លាក់ចុះចំណាត់ថ្នាក់មកដល់លេខ១៤៨ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានប្រចាំឆ្នាំរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដោយធ្លាក់ចុះជិត៧០ចំណាត់ថ្នាក់ក្នុងពេលត្រឹមតែ១ឆ្នាំ។
អង្គការអន្តរជាតិមួយនេះនិយាយថា ការធ្លាក់ចុះសេរីភាពសារព័ត៌មានយ៉ាងខ្លាំងនេះ គឺដោយសារច្បាប់ថ្មីស្ដីពីសន្តិសុខជាតិដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ និងការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវច្បាប់ប្រឆាំងការបះបោរក្នុងសម័យអាណានិគម ដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៣០។
អង្គការដដែលអះអាងថា ចាប់តាំងពីឆ្នាំ២០២០មក ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមិនតិចជាង៣ឡើយ ដែលត្រូវបានចាប់បង្ខំឱ្យបិទចោល ឬបិទដោយស្ម័គ្រចិត្ត ក្រោយមានការស៊ើបអង្កេតផ្នែកសន្តិសុខជាតិ ដោយលើកឡើងថា វាបង្កហានិភ័យផ្លូវច្បាប់ ខណៈអ្នកកាសែត និងនាយកប្រតិបត្តិនៃប្រព័ន្ធផ្សព្វផ្សាយជាង១០នាក់ក៏ត្រូវបានឃុំខ្លួនក្រោមច្បាប់ថ្មីនេះផងដែរ។
ក្រុងហុងកុង ដែលធ្លាប់ស្ថិតក្រោមនឹមអាណានិគមរបស់អង់គ្លេស បានជាប់ចំណាត់ថ្នាក់ខ្ពស់ គឺលេខ១៨ ផ្នែកសេរីភាពសារព័ត៌មានក្នុងឆ្នាំ២០០២ ជាឆ្នាំដែលសន្ទស្សន៍សេរីភាពសារព័ត៌មានបានចាប់ផ្ដើម ប៉ុន្តែចំណាត់ថ្នាក់នេះបានចាប់ផ្តើមធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ ក្រោយពីមានការបង្ក្រាបយ៉ាងចាស់ដៃ ទៅលើបាតុកម្មតវ៉ា ទាមទារលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១៤ និងម្តងទៀតនៅឆ្នាំ២០១៩។
ពេលនេះចំណាត់ថ្នាក់របស់ក្រុងហុងកុង បានធ្លាក់មកនៅក្រោមប្រទេសហ្វីលីពីន និងប្រទេសស្រីលង្កាទៅទៀត ហើយលើប្រទេសតួកគី និងប្រទេសឥណ្ឌា តែបន្តិចប៉ុណ្ណោះ។
ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះចំណាត់ថ្នាក់ខ្លាំងគួរឱ្យភ្ញាក់ផ្អើលនេះ មេដឹកនាំហុងកុង លោកស្រី Carrie Lam បានលើកឡើងកាលពីថ្ងៃអង្គារ ទី៣ ខែឧសភា ថា សេរីភាពសារព័ត៌មាននៅក្រុងហុងកុង នៅតែ "មានភាពរស់រវើកដូចពីមុន" ដោយលោកស្រីគូសបញ្ជាក់ថា ស្ថាប័នសារព័ត៌មានថ្នាក់តំបន់ និងអន្តរជាតិមួយចំនួនធំកំពុងប្រតិបត្តិការនៅក្នុងទីក្រុងហុងកុង រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយសេរី៕
No comments:
Post a Comment