ដោយៈ ម៉ាលីស

ភ្នំពេញ: សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ដល់ទស្សនៈជូន លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) ថា រូបមន្ត១បូក ឬការវិនិយោគមិនប្រមូលផ្ដុំ ក្នុងការដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ។

រូបមន្ត១បូក គឺជាការវិនិយោគមិនប្រមូលផ្ដុំ មានន័យថាការវិនិយោគនៅប្រទេសមួយហើយ គប្បីណាវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ។

ជាក់ស្តែង បញ្ហាជំងឺកូវីដ១៩ រីករាលដាលជាដើម ប្រទេសមួយទៀតអាចបំពេញនូវតម្រូវការ ប្រទេសមួយទៀត ដើម្បីរក្សានូវស្ថិរភាព ការផ្គត់ផ្គង់ទំនិញ ក៏ដូចជាការទាញចំណាប់អារម្មណ៍ទៅលើការវិនិយោគ លើវិស័យ ឌីជីថល ដែលកន្លងមកនេះវិស័យឌីជីថល មិនត្រឹមតែមិនមានការប៉ះពាល់ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ទេ ផ្ទុយទៅវិញវិស័យនេះបាននឹងកំពុងតែវិវត្តន៍ រីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

ទស្សនទាននេះ ត្រូវបានផ្តល់ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

លោក Joo Ok Lee បានមានប្រសាសន៍ថា លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ហើយនៅពេលនេះ ឃើញថាប្រទេ​សកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះក៏ដោយ។

លោកបញ្ជាក់ថា ប្រសិនបើគ្មានការរីករាលដាល នៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត។

លោក Joo Ok Lee បានគោរពជម្រាបជូនសម្តេចតេជោ អំពីដំណើរការរៀបចំ កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយឯកឧត្តមនឹងទទួលទស្សនៈ ក៏ដូចជាអនុសាសន៍ល្អៗ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ទាក់ទងទៅនឹងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងនាមសម្ដេចតេជោជាប្រធានអាស៊ាន។

ឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយ លោក Joo Ok Lee ដែលលើកឡើងថា ប្រសិនបើគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ កាន់តែច្រើនបន្ថែមទៀត ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក Joo Ok Lee ផងដែរថា កម្ពុជាបានចាក់ស្រោចវ៉ាក់សាំកូវី១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានបើកប្រទេសជាតិឡើងវិញ កាលពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានការកើនឡើង ប្រមាណ៥,៦% សម្រា​ប់ឆ្នាំ២០២២ នេះ។

ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បាន គឺអាស៊ានសហការគ្នាបើកប្រទេសឡើងវិញ ព្រមគ្នា ជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេ​សនៅពេលដែលទាំងអស់គ្នា រស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩ នោះ៕