ដោយ: សុខុម
សិង្ហបុរី: ថ្លៃឈ្នួលផ្ទះបានហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងពេល៧ឆ្នាំមកនេះនៅសិង្ហបុរី ដែលស្ថិតក្នុងចំណោមទីក្រុងមានថ្លៃចំណាយជីវភាពខ្ពស់បំផុតរបស់ពិភពលោក ទាំងដែលចំនួនប្រជាជនក្នុងប្រទេសនេះបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះក្ដី។
សារព័ត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣ មីនា នេះថា យោងតាមទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរី បង្ហាញថា សន្ទស្សន៍ថ្លៃឈ្នួលផ្ទះឯកជនបានហក់ឡើងដល់១១៤,២ពិន្ទុក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ស្មើនឹង៩,៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ការហក់ឡើងខ្ពស់នេះគឺដោយសារតម្រូវការលើសការផ្គត់ផ្គង់ដែលបានទទួលរងផលប៉ះពាល់ដោយការពន្យារពេលសាងសង់ព្រោះតែវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។
ស្ត្រីជនជាតិអាមេរិក ឈ្មោះ Aimee Yager ដែលកំពុងស្វែងរកជួលផ្ទះនៅសិង្ហបុរី ច្រើនសប្ដាហ៍មកហើយសម្រាប់គ្រួសារគាត់ដែលមានសមាជិក៤នាក់និយាយថា "ទាល់តែខ្ញុំត្រូវឆ្នោតទើបមានលុយជួលផ្ទះ។ វាថ្លៃណាស់ ពួកយើងគ្មានលទ្ធភាពជួលទេ"។
អ្នកផ្សេងៗទៀតមិនថាពលរដ្ឋសិង្ហបុរី មិនថាជនបរទេសក៏បានត្អូញត្អែរមិនខុសពីអ្នកស្រី Aimee Yager ដែរ។
កង្វះកម្មករ និងសម្ភារៈសំណង់ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យការសាងសង់ខុនដូឯកជន និងអាផាតម៉ិនសាធារណៈប្រភេទ HDB ត្រូវពន្យារពេល។ ទន្ទឹមនឹងនេះ តម្រូវការជួលកំពុងកើនឡើងដែលក្រុមអ្នកវិភាគមើលឃើញថាបណ្ដាលមកពីកត្តារួមផ្សំជាច្រើន។
ប្រជាជនសិង្ហបុរី មួយចំនួនជួលនៅបណ្ដោះអាសន្នដោយសារពួកគេរង់ចាំអាផាតម៉ិនរបស់ពួកគេសាងសង់រួចរាល់ ខណៈអចលនទ្រព្យហក់ឡើងថ្លៃខ្ពស់បានជំរុញឱ្យម្ចាស់ផ្ទះមួយចំនួនលក់ផ្ទះរបស់ខ្លួនចេញបានចំណេញ និងមានកត្តារួមផ្សំជាច្រើនទៀត។
ទីផ្សារអចលនទ្រព្យដែលកំពុងហក់ឡើងថ្លៃ កំពុងធ្វើឱ្យថ្លៃចំណាយជីវភាពកាន់តែខ្ពស់នៅសិង្ហបុរី ដែលត្រូវស្ថាប័នស្រាវជ្រាវ និងវិភាគ Economist Intelligence Unit ដាក់ចំណាត់ថ្នាក់ជាទីក្រុងដែលមានថ្លៃចំណាយជីវភាពខ្ពស់បំផុទី២ ក្នុងពិភពលោករួមជាមួយក្រុងប៉ារីស។
អតិផរណាក៏បានហក់ឡើងខ្ពស់មិនធ្លាប់មានដែរនៅឆ្នាំនេះ ខណៈតម្លៃប្រេង និងអគ្គិសនីត្រូវបានព្យាករថានឹងហក់ឡើងបន្ថែមទៀត៕
No comments:
Post a Comment