ដោយ: វឌ្ឍនៈ
ភ្នំពេញ ៖ ការរីកចម្រើននៃទីក្រុងភ្នំពេញបានរាលដាលកាន់តែខ្លាំងទៅកាន់តំបន់នៃបណ្ដាខេត្តជាប់ៗ ដែលធ្វើឱ្យតំបន់ទាំងនោះទទួលបានការចាប់អារម្មណ៍លើការវិនិយោគជាបន្តបន្ទាប់។ ក្នុងនោះដែរ ផ្នែកខ្លះនៃខេត្តកំពង់ចាមក៏កំពុងទទួលបានការអភិវឌ្ឍ និងក្លាយជាតំបន់អភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រសាសន៍ថា ការរីកចម្រើននៃទីក្រុងភ្នំពេញបានជះឥទ្ធិពលដល់ការអភិវឌ្ឍតំបន់ជាប់ៗនឹងរាជធានីភ្នំពេញក្នុងនោះខេត្តកំពង់ចាម នឹងក្លាយជាតំបន់មួយដែលមានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនក្នុងការអភិវឌ្ឍ។
លោកបន្តថាក្រៅពីតំបន់នេះ ក៏មានតំបន់ជាច្រើនទៀត នៅជុំវិញរាជធានីភ្នំពេញនិងក្លាយជាតំបន់សក្ដានុពលនិងទទួលបានផលប្រយោជន៍ពីការពង្រីករាជធានីភ្នំពេញផងដែរ ដូចជាតំបន់នៃខេត្តកណ្ដាលតំបន់ខេត្តកំពង់ស្ពឺជាដើម។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា ការវិនិយោគលើវិស័យដីធ្លី នៅតែមានឱកាសនិងទទួលបានប្រាក់ចំណេញ ក៏ប៉ុន្តែអ្នកវិនិយោគក៏គួរតែចេះសំលឹងមើលពីទីតាំងសក្ដានុពលក្នុងការវិនិយោគផងដែរ។
លោកបានផ្ដល់ជាទស្សនថា តំបន់តាមបណ្ដាខេត្តគឺជាឱកាសនៃការទទួលបានប្រាក់ចំណេញពីការវិនិយោគដីធ្លី ហើយតំបន់នៅជិតៗរាជធានីភ្នំពេញនឹងមិនទទួលបានប្រាក់ចំណេញខ្ពស់ទេ បើសិនជាទិញដើម្បីទុកវិនិយោគលក់បន្ត តែដីនៅកណ្ដាលក្រុងគឺគេទិញដើម្បីអភិវឌ្ឍន៍ជាអគារខ្ពស់សង់បានច្រើនជានជាដើម ។
លោក វេង វីរៈ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា ថ្មីៗនេះ កំពង់ចាមហាក់ទទួលបានការចាប់អារម្មណ៍លើការវិនិយោគជាបន្តបន្ទាប់ ដោយមានគម្រោងវិនិយោគឧស្សាហកម្មរោងចក្រ នៅតាមបណ្ដោយផ្លូវលេខ៧ និងលេខ៦ ដែលការវិនិយោគនេះនឹងហុចផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តនេះផ្ទាល់តែម្ដង។
លោកបន្តថា សម្រាប់ទីតាំងនៅជិតក្រុងកំពង់ចាមក៏ឃើញថាមានការចាប់អារម្មណ៍ និងមានការវិនិយោគលើលំនៅឋានមួយចំនួនផងដែរ ដែលធ្វើឱ្យតម្រូវការដីធ្លីនៅក្នុងខេត្តនេះកាន់តែមានកំណើនខ្ពស់ជាពិសេសនៅក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រកាសពីការបើកប្រទេសឡើងវិញ ។
លោកស្រី ក្រី ម៉ាយ៉ាន តំណាង KW Cambodia ប្រចាំខេត្តនេះក៏បានលើកឡើងថា ទីតាំងភូមិសាស្ត្រខេត្តកំពង់ចាម ក៏ជាកត្តាមួយ ជំរុញឱ្យមានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនដីធ្លី។
អ្នកស្រីបន្តថា អ្នកដំណើរដែលត្រូវធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង មណ្ឌលគីរី រតនគីរីត សៀមរាប កំពង់ធំ ក្រចេះត្រូវឆ្លងកាត់ខេត្តកំពង់ចាម ដូច្នេះ គេអាចមើលឃើញពីឱកាសនៃការវិនិយោគនៅក្នុងខេត្តនេះមុនគេ៕
No comments:
Post a Comment