ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផែនការពង្រីកទីក្រុងភ្នំពេញបាន និងកំពុងធ្វើឱ្យតំបន់ជាយ​ៗក្រុងមួយចំនួន ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះដែរខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ នឹងក្លាយជាតំបន់ ដែលមានសក្ដានុពលខ្ពស់ និងទទួលបានការអភិវឌ្ឍ ទៅលើវិស័យដីធ្លីច្រើនជាងគេ នៅពេលការពង្រីកទីក្រុងកាន់តែធំ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះថា ទីផ្សារដីធ្លី នៅតាមបណ្ដាជាយរាជធានីភ្នំពេញ នៅតែបន្តជាសក្ដានុពលខ្ពស់ក្នុងការវិនិយោគ ដែលអ្នកវិនិយោគភាគច្រើន ជាអ្នកវិនិយោគនៅក្នុងស្រុកខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្ដានុពលនៅក្នុងការអភិវឌ្ឍនេះ ជារង្វង់មូល៣៦០ដឺក្រេ ដែលធ្វើឱ្យដីនៅជាយរាជធានីភ្នំពេញចេះតែធំ។

លោកបន្តថា "តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣និងទី៤ គឺជាផែនការនៅពេលអនាគត ហើយជាទស្សនផ្ទាល់ខ្លួនរបស់លោក មើលឃើញថាការអភិវឌ្ឍតំបន់ថ្មី ជុំវិញរាជធានីភ្នំពេញ ភាគច្រើនកើតមានឡើងនៅខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តកំពង់ចាម"។ លោកបន្តថា "ប្រភេទដីដែលជាតំបន់ពាណិជ្ជកម្មនឹងមានការអភិវឌ្ឍខ្លាំង នៅជាយក្រុងនឹងអាចងាក ទៅរកខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ដោយសារតែតំបន់ទាំងពីរនេះ មានភាពងាយស្រួលក្នុងការតភ្ជាប់ទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងព្រំដែនកម្ពុជាថៃ ក្នុងការដឹកជញ្ជូនទំនិញចេញចូលប្រទេស"។

លោកច្រឹក សុខនីមបានបន្ថែមថា អ្នកវិនិយោគ ដីធ្លីអាចធ្វើការជ្រើសរើសទីតាំងទាំងនេះ ដើម្បីទុកសម្រាប់អភិវឌ្ឍន៍ ឬលក់បន្តទៅអ្នកអភិវឌ្ឍន៍ ដើម្បីឱ្យគេយកទៅអភិវឌ្ឍន៍បន្ត ដើម្បីបំពេញតម្រូវការអចលនទ្រព្យ ដែលកំពុងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ។

ជាមួយគ្នានេះ លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានបញ្ជាក់ផងដែរថា អ្នកវិនិយោគដីធ្លីបើចង់បានប្រាក់ចំណេញខ្ពស់ និងឆាប់ គួរងាកទៅតំបន់ដែលឆ្ងាយពីក្រុងបន្តិច ពីព្រោះតំបន់នៅជិតក្រុង ឬកណ្ដាលក្រុងវាបានឡើងខ្ពស់រួចទៅហើយ ។

លោកបន្តថា "ខេត្តកំពង់ស្ពឺ ជាតំបន់ដែលមានសក្ដានុពលខ្ពស់ មួយនៅពេលអនាគតខាងមុខនេះ ហើយតំបន់នេះនឹងក្លាយជាឧស្សាហកម្មដ៏ទាក់ទាញ ខណៈវិនិយោគិនលើវិស័យនេះមួយចំនួន ក៏បានងាកទៅរកតំបន់នៃខេត្តកំពង់ស្ពឺ សម្រាប់ការវិនិយោគរបស់ខ្លួនផងដែរ"៕