ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់ នៅកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះ ទីផ្សារអចលនទ្រព្យមិនទាន់មានផលប៉ះពាល់ ដោ​យសារការរីករាលដាលមេរោគកូវីដ ប្រភេទអូមីក្រុងទេ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាសន៍្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២១ កុម្ភៈកន្លងមកថា វិបត្តិកូវីដ ប្រភេទអូមីក្រុងបើសិនជាបន្ត អូសបន្លាយរយៈពេលវែងទៀត វានឹងធ្វើឲ្យទីផ្សាររងផលប៉ះពាល់ ប៉ុន្តែបច្ចុប្បន្ននេះ ស្ថានភាពទិញលក់នៅតែបន្តជាធម្មតា។

អ្នកស្រីបន្តថា "ចរន្តទិញលក់នៅតែមានភាពសកម្ម ទាំងដីធ្លី លំនៅ ដ្ឋាន ប៉ុន្តែខ្ញុំសង្កេតឃើញគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួនហាក់បានបន្ថយល្បឿន"។ អ្នកស្រីបន្តថា "ខ្ញុំគិតថាវិបត្តិអូមីក្រុង បើបន្តរយៈពេលពីរទៅបីខែទៀត វានឹងផ្តល់ជាសញ្ញាអវិជ្ជមានដល់ទីផ្សារ"។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា សកម្មភាពនៅក្នុងទីផ្សា​រ ដូចជាមិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ មានន័យថាចរន្តទិញ លក់នៅតែកើតមានឡើងដដែល ប៉ុន្តែមានសញ្ញាមួយចំនួន គឺមានការបញ្ចេញលក់អចលនទ្រព្យ ពិសេសដីធ្លីច្រើន ដែលជាសញ្ញានៃការត្រៀមរបស់អ្នកវិនិយោគមួយចំនួន ដើម្បីសម្រួលលំហូរសាច់ប្រាក់របស់ពួកគេ។

លោកបន្តថា "ទីផ្សារនៅតែមានភាពប្រសើរ ហើយស្ថាប័នហិរញ្ញវត្ថុនានានៅតែបន្តផ្តល់ឥណទាន។ ហេតុនេះ ទីផ្សារនៅតែដំណើរការល្អប្រសើរ មិនមានសញ្ញាណាមួយគួរឲ្យបារម្ភនោះទេ"៕