ដោយៈវិវត្តន៍

 ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារសំខាន់ចំនួនពីរនៃវិស័យអចលនទ្រព្យបាន និងកំពុងមានចរន្តទិញ លក់សកម្មជាងគេនៅដើមឆ្នាំ២០២២នេះ។

លោកនី ទីណាតអគ្គនាយកក្រុមហ៊ុនBasac Realty Co, Ltdបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី២២ កុម្ភៈនេះថា ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដអូមីក្រុង ប៉ុន្តែទីផ្សារនៅតែមានភាពសកម្ម ដោយចរន្តទិញលក់់នៅតែបន្ត និងមិនមានសញ្ញាណា​មួយរងផលប៉ះពាល់នោះទេ។

លោកបន្តថា "នៅដើមឆ្នាំនេះ ការទិញលក់ដីធ្លីនៅតំបន់ជាយក្រុង និងការទិញលំនៅដ្ឋាន នៅតាមបុរីនានានៅតែមានភាពសកម្ម ដោយអតិថិជននៅតែបន្តទិញ និងបន្តវិនិយោគ"។ លោកបន្តថា "ទីផ្សារមិនមានសញ្ញា អវិជ្ជមានទេ ខណៈការវិនិយោគពីបរទេសនៅមានកម្រិត ដោយសារវិបត្តិជំងឺកូវីដ"។

លោកនី ទីណាតនៅតែមានសុទិដ្ឋិនិយម ពីស្ថានភាពអចលនទ្រព្យឆ្នាំនេះ ដោយសារការរីកចម្រើនសេដ្ឋកិច្ចជាតិ និងទំហំពាណិជ្ជកម្មរបស់កម្ពុជានៅតែមានការកើនឡើង។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹង កាលពីម្សិលម៉ិញនេះថា ទីផ្សារអចលនទ្រព្យមិនទាន់រងផលប៉ះពាល់នោះទេ ដោយចរន្តទិញលក់នៅតែបន្ត ពិសេសដីធ្លី និងលំនៅដ្ឋាន។

លោកបន្តថា "ការវិនិយោគដីធ្លីនៅតាមតំបន់ជាយក្រុង ជាការវិនិយោគល្អ និងមិនប្រឈមមុខនឹងការជាប់គាំងរយៈពេលវែង ប៉ុន្តែការវិនិយោគនៅតាមបណ្តាខេត្ត អាចប្រឈមមុខនឹងការជាប់គាំង ដែលអាចធ្វើឲ្យអ្នកមានបញ្ហាលំហូរសាច់ប្រាក់ ប្រឈមមុខនឹងបញ្ហា"៕