ដោយៈសុខុម
ប៉េកាំង: ស្ពាន Hong Kong–Zhuhai–Macau Bridge ដែលជាស្ពានកាត់សមុទ្រវែងបំផុតក្នុងពិភពលោករបស់ប្រទេសចិន ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការអំឡុងខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីចិន លោកស៊ី ជីនភីង ក្រោយដំណើរការសាងសង់អស់រយៈពេល៩ឆ្នាំ។
ដូចនេះ តើស្ពានកាត់សមុទ្រវែងបំផុត ក្នុងពិភពលោកមួយនេះមានប្រវែងប៉ុន្មាន ចំណាយអស់ទុនវិនិយោគប៉ុន្មាន និងមានលក្ខណៈពិសេសបែបណាខ្លះ? តោះ! មកស្វែងយល់ទាំងអស់គ្នាដូចខាងក្រោម៖

យោងតាមប្រភពរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ស្ពាននេះមានប្រវែងសរុបរហូតដល់ទៅ៥៥គីឡូម៉ែត្រ និងតភ្ជាប់ក្រុងហុងកុង (Hong Kong) ម៉ាកាវ (Macau) និងក្រុងជូហាយ (Zhuhai) នៃចិនដីគោក ក្រោមទុនវិនិយោគសរុបរហូតដល់ទៅ២០ពាន់លានដុល្លារ។

*លក្ខណៈពិសេសនៃស្ពាននេះ
ស្ពាននេះត្រូវបានឌីហ្សាញឡើង ដើម្បីធន់នឹងគ្រោះរញ្ជួយដី និងខ្យល់ព្យុះទីហ្វុង ។វាត្រូវបានសាងសង់ឡើង ដោយប្រើដែកអស់រហូតដល់ទៅ៤០០.០០០តោន ដែលល្មម សម្រាប់សាងសង់ប៉មអង់តែនទួអ៊ីហ្វែល (Eiffel Towers) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដល់ទៅ៦០ឯណោះ។
ប្រហែល៣០គីឡូម៉ែត្រនៃប្រវែងសរុបរបស់ស្ពាននេះ ឆ្លងកាត់សមុទ្រនៃតំបន់ដីសណ្ដ Pearl River Delta។ ហើយដើម្បីអនុញ្ញាតឱ្យនាវាឆ្លងកាត់បាន ដោយគ្មានបញ្ហាជាប់គឿង នៅត្រង់ចំណុចទឹកជ្រៅស្ពាននេះ ត្រូវបានសាងសង់ក្រោមជម្រៅ ទឹកសមុទ្រប្រវែង៦,៧គីឡូម៉ែត្រ នៅចន្លោះកោះសិប្បនិមិត្តចំនួន២។
កាលពីមុនការធ្វើដំណើរទៅមក រវាងក្រុងជូហាយ (Zhuhai) និងក្រុងហុងកុង ត្រូវចំណាយពេលរហូតដល់ទៅ៤ម៉ោងឯណោះ ប៉ុន្តែស្ពាននេះបានបម្រួមពេលធ្វើដំណើរមកនៅត្រឹមតែ៣០នាទីប៉ុណ្ណោះ គឺចំណេញពេលច្រើនមែនទែន។
*តើគ្រប់គ្នាសុទ្ធតែអាចបើកបរឆ្លងកាត់ស្ពាននេះបានដោយសេរី?
ចម្លើយគឺទេ! អ្នកដែលអាចបើកបរឆ្លងកាត់ស្ពាននេះបាន ត្រូវមានលិខិតអនុញ្ញាតពិសេស ហើយយានយន្តទាំងអស់ នឹងត្រូវបង់ថ្លៃបើកបរឆ្លងកាត់៕ BBC៕
No comments:
Post a Comment