ដោយៈ សុផារី

ប្រទេសថៃៈ ទោះបីជាប្រឈមនឹងបញ្ហាកូវីដ១៩ក៏ដោយ ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសមកលើប្រទេសថៃ នៅតែមានកម្រិតខ្ពស់លើវិស័យអចលនវត្ថុថៃ។

លោកស្រី  Naridtanan Palakavong Na Ayuthaya សមាជិកនៃគណៈកម្មការសមាគមអ្នកវាយតម្លៃអចលនវត្ថុប្រទេសថៃ ក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ "ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩" របស់សមា​គមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) ក្នុងថ្ងៃទី២៤ ខែវិច្ឆិកាដែលកម្ពុជាធ្វើជាប្រធាននេះបានបន្តថា

យោងតាមការសិក្សាទៅលើក្រុមហ៊ុន វិនិយោគបរទេសចំនួន៦០០ បានបង្ហាញថា មាន១៩,៣៣ភាគរយ មានគម្រោងថានឹងពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសថៃបន្ថែមទៀត និង៧៦,៦៧ភាគរយទៀតនៅបន្តការវិនិយោគ ក្នុងកម្រិតបច្ចុប្បន្នបន្តទៀត។

តាមរយៈការការស្ទាបស្ទង់មតិទៅលើផលប៉ះពាល់លើការវិនិយោគ ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ បានបង្ហាញថា ៦៣% នៃការវិនិយោគបានទទួលរងផលប៉ះពាល់ ក៏ប៉ុន្តែនៅតែអាចបន្តដំណើរការទៅមុខបាន។ ចំណែក២៩% បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែនៅតែបន្តដំណើរការទៅមុខបាន៧ភាគរយ មិនទទួលរងផលប៉ះពាល់នោះទេនិងនៅតែបន្តដំណើរការជាធម្មតា ហើយមានត្រឹមតែ០,១៧% បានបញ្ឈប់ដំណើរការវិនិយោគរបស់ខ្លួនក្នុងប្រទេសថៃ។

លោកស្រីបានធ្វើបទបង្ហាញថា និន្នាការការវិនិយោគដោយរបស់វិនិយោគិនបរទេសមានការធ្លាក់ចុះ ចាប់តាំងពីការចាប់ផ្ដើមនៃវិបត្តិកូវីដ១៩ ប៉ុន្តែនៅដើមឆ្នាំមុនមានការធ្លាក់ចុះខ្លាំងបំផុត។ នៅក្នុងដើមឆ្នាំ២០២១នេះ យើងសង្កេតឃើញថាចំនួននៃការវិនិយោគរបស់វិនិយោគិនបរទេស មកលើប្រទេសថៃមានការកើនឡើង ប្រហែលទ្វេដងប្រៀបធៀបទៅនឹងឆ្នាំមុន។

តាមរបាយការណ៍ដដែល លោកស្រីបានបញ្ជាក់ថា ឧស្សាហកម្មដែលទទួលបានការពេញនិយម ក្នុងការវិនិយោគរបស់វិនិយោគិនបរទេសមាន ដូចជា វិស័យឌីជីថល វិស័យវេជ្ជសាស្ត្រ វិស័យគីមីឥន្ធនៈនិង វិស័យ Robot Automation និងវិស័យផ្សេងៗទៀត។ ប្រទេសជប៉ុន គឺជាប្រទេសដែលវិនិយោគច្រើនបំផុត មកលើប្រទេសថៃក្នុងចំនួន១២៥គម្រោង តាមដោយសហរដ្ឋអាមេរិក ប្រទេសសិង្ហបុរី និងប្រទេសចិន៕