ដោយៈ វឌ្ឍនៈ

មណ្ឌលគិរីៈ ភ្ញៀវទេសចរជាច្រើនជាពិសេសទេសចរក្នុងស្រុក បានចាប់ផ្ដើមសម្លឹ​ងទៅរកការកម្សាន្តនៅឯខេត្តមណ្ឌលគីរី ក្នុងពេលមានបុណ្យទានឈប់សម្រាកម្ដងៗ  ដែលធ្វើឱ្យខេត្តមួយនេះ នឹងមានតម្រូវការទៅលើការស្នាក់នៅ ក្នុងនោះបឹងកាឡូ ឬលំនៅឋានលំហែកាយកាន់តែមានសក្ដានុពលក្នុងការអភិវឌ្ឍ។

លោកមាឃ រឹទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរីបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះថា ចំនួនResortទាំង ៥០ ទីតាំងនេះមានប្រហែលជាង២០ ទីតាំងកំពុងដំណើរការអាជីវកម្ម និងមួយចំនួនទៀតកំពុងសាងសង់។ ចំនួនResort ក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន មិនទាន់ឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរនៅឡើយទេ។

លោកបន្តថា "ខ្ញុំជឿថានឹងមានការវិនិយោគគម្រោងបែបនេះបន្ថែមទៀត ដោយតាំងដីសម្រាប់អភិវឌ្ឍន៍ Resort ឬផ្ទះលំហែកាយក៏នៅមានលក្ខណៈច្រើនផងដែរ"។ លោកបន្តថា Resort នីមួយៗជាមធ្យមសាងសង់លើផ្ទៃដី២ហិកតា ហើយគម្រោងនីមួយ ៗអាចមានផ្ទះស្នាក់នៅចន្លោះពី ៣០ ទៅ៤០ផ្ទះ" ។

សម្រាប់តម្លៃជួលស្នាក់នៅអាចមានតម្លៃចន្លោះពី ៣០ ទៅ២០០ដុល្លារ ក្នុងមួយយប់​។ Resort ទាំងនេះ បានបោះទីតាំងវិនិយោគនៅតំបន់ពូតាំង ឡាវការ ដាក់ដាំ និងក្រុងសែនមនោរម្យ ដែលទីតាំងទាំងនេះសក្កិសមជាងគេ សម្រាប់ការសាងសង់Resort ដោយសារមានជ្រលងភ្នំ និងទេសភាពដ៏ស្រស់ស្អាត។

តាមរយៈកំណើននៃភ្ញៀវទេសចរ និងការអភិវឌ្ឍលំនៅឋានលំហែកាយ ក៏ដូចជាការបំពេញបន្ថែមនូវសេវាកម្មទេសចរណ៍នានា បានជំរុញឱ្យតម្លៃដីធ្លីសម្រាប់សាងសង់រីសតតមានតម្លៃចន្លោះពី៥ ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីស្ថិតក្នុងតំបន់ពូតាំង ឡាវកា និងដាក់ដាំ។ ចំណែក ទីតាំងដីនៅក្រុងសែនមនោរម្យវិញ មានតម្លៃចាប់ពី១០០ ទៅ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

លោកមាឃ រិទ្ឋីជ័យបានបន្តថា មួយរយៈពេលចុងក្រោយនេះ មានវិនិយោគិនក្នុងស្រុកជាច្រើនបានសម្រុក ទៅទិញដីនៅខេត្តមណ្ឌលគីរី ដើម្បីត្រៀមក្នុងការសាងសង់គម្រោងរបស់ខ្លួន ឬក៏ទិញសម្រាប់ទុកយកចំនេញនៅពេលអនាគត ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ខេត្តមណ្ឌលគីរីជាតំបន់មានសក្តានុពល លើការវិនិយោគផ្ទះលំហែរ និងរមណីយដ្ឋាននានា ដោយសារទេសភាពធម្មជាតិ និងលក្ខខ័ណ្ឌអា​កាសធាតុដ៏ប្រសើរ។

លោកបន្តថា ខេត្តនេះមានសក្តានុពលមួយបែបម្នាក់ ធៀបជាមួយខេត្តសៀមរាប ដោយខេត្តមណ្ឌលគិរីមានទម្រង់ជាអេកូទេសចរណ៍ និងខេត្តសៀមរាបមានសក្តានុពលបែបទេសចរណ៍វប្បធ៌ម ប្រវត្តិសាស្រ្ត"។

លោកបន្តថា បច្ចុប្បន្នអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនបាននិងកំពុងសម្រុកទិញដីវិនិយោគលំនៅដ្ឋានលំហែរ និងរមណីយដ្ឋានធម្មជាតិ ដោយសារខេត្តនេះមានសក្តានុពលលើការវិនិយោគ ពិសេសតម្លៃដីធ្លីនៅទាបនៅឡើយ ដែលផ្តល់ឱកាសចំណេញនាពេលអនាគត។

រដ្ឋាភិបាលបានបង្កើតគណកម្មការអន្តរក្រសួងរួចហើយ ដើម្បីធ្វើការជាមួយក្រុមហ៊ុន China Power ក្នុងការរៀបចំផែនការសាងស ង់ព្រលានយន្តហោះខ្នាតអន្តរជាតិនៅ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលព្រលានយន្តហោះនេះអាចចំណាយទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក៕