ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បណ្ដាវិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសវិនិយោគិនមកពីប្រទេសចិន បានចាប់ផ្ដើមសម្លឹងរកទីតាំងវិនិយោគរបស់ខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតនោះទេ។

ប្រធានសមាគមអចលនទ្រព្យសកល លោកឧកញ៉ាសំ សុខនឿនបានមានប្រ​សា​សន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ ធ្នូនេះថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ យើងឃើញថាបណ្ដាវិនិយោគិនជាច្រើនទាំងក្នុង និងក្រៅប្រទេសចាប់ផ្ដើមបញ្ចេញសកម្មភាព លើគំរោងវិនិយោគរបស់ខ្លួនឡើងវិញបណ្ដើរៗហើយ ក្នុងនោះវិនិយោគិនបរទេសជាពិសេសចិន បាននិងកំពុងសម្លឹងរកការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្តបន្ទាប់ទៀតនៅក្នុងប្រទេសកម្ពុជា ។

លោកបន្តថា "ពេលនេះចិនកំពុងក្ដាប់យកឱកាស ក្នុងការសាងសង់តំបន់សេដ្ឋកិច្ច ដើម្បីត្រៀមទទួលក្រុមហ៊ុនវិនិយោគថ្មីៗជាបន្តបន្ទាប់ ដែលអាចនឹងចូលមកកម្ពុជានៅពេលឆាប់ៗខាងមុខនេះ"។

លោកឧកញ៉ាបន្តថា តំបន់ដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិ​សេ​​ស គឺនៅតំបន់ណាដែលមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ ក្នុងនោះមានតំបន់តាមបណ្ដោយផ្លូវជាតិលេខ៤ គឺជាតំបន់ដែលមានសក្ដានុពលខ្ពស់មួយសម្រាប់ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ។

លោកបន្ថែមថា អ្វីដែលយើងសង្កេតមើលឃើញនាពេលកន្លងមក ទីណាដែលមានការអភិវឌ្ឍឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសទីនោះ ក៏នឹងទទួលបានការវិនិយោគទៅលើលំនៅឋាន និងមានមនុស្សរស់នៅកាន់តែច្រើន ដោយមានការងារសម្រាប់ប្រជាពលរដ្ឋកាន់តែច្រើនផងដែរ ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមកបានបង្ហាញថា មានក្រុមហ៊ុននិងគម្រោងជាច្រើន បានបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងប្រទេសកម្ពុជា ដែលបង្ហាញថាតំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែ​កសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាតំបន់ដែលផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជាច្រើន និងជាទីតាំងផលិតទំនិញ ដ៏មានសក្ដានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាការកត់សម្គាល់ខេត្ត ដែលទទួលបានការវិនិយោគលើតំបន់ សេដ្ឋកិច្ចពិសេសរួមមានខេត្ត កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ហើយក្នុងតំបន់ទាំងនោះ ក៏នៅតែបន្តទាក់ទាញ លើវិស័យឧស្សាហកម្មជាច្រើនទៀតផងដែរ គិតមកដល់ពេលបច្ចុប្បន្ននេះ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ចិនបាននិងកំពុងចូលមកវិនិយោគបណ្តើរៗនៅកម្ពុជាហើយ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការជួបប្រជុំតាមប្រព័ន្ឋវីដេអូរវាងសម្តេចតេជោហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីចិន លឺ ឃឺឈាងកាលពីពេលថ្មីៗនេះ ដែលប្រមុខរដ្ឋទាំងពីរ បានប្តេជ្ញាជម្រុញកំនើនទំហំពាណិជ្ជកម្ម ឲ្យកើនឡើងដល់១០ពាន់លានដុល្លារអាមេរិក។

លោកបន្តថា "ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ នឹងធ្វើឲ្យអ្នកវិនិយោគចិន អឺរ៉ុប អាមេរិកមកវវិនិយោគកាន់តែច្រើននៅកម្ពុជា ដើម្បីនាំចេញទំនិញដោយរួចពន្ឋទៅកាន់ប្រទេសចិន"៕