ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ ការលេចឡើងនូវមេរោគកូវីដ១៩ថ្មី Omicron បាននិងកំពុងធ្វើឲ្យទីផ្សារអចលនទ្រព្យ ហិរញ្ញវត្ថុលើពិភពលោក ជួបភាពមិនច្បាស់លាស់ជាថ្មី ប៉ុន្តែសំរាប់អ្នកជំនាញកម្ពុជានៅតែមានសុទិដ្ឋិនិយម ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរ។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ វិច្ឆិកាកន្លងមកថា ការលេចឡើងនូវវត្តមានមេរោគថ្មីវានឹងមិនជាបញ្ហាធំនោះទេ ព្រោះពិភពលោកអាចនឹងមានដំណោះស្រាយឆាប់ៗនេះ វាប្រៀបដូចជាមេរោគDelta ពេលវាលេចឡើងខ្លាំង គឺមានការពង្រីកការចាក់វ៉ាក់សាំងបានច្រើននៅកម្ពុជា ជាលទ្ឋផលរដ្ឋាភិបាលបានគ្រប់គ្រងវាបានល្អ។
អ្នកស្រីបន្តថា "ខ្ញុំមានជំនឿថាយើងអាចដោះស្រាយបញ្ហានេះ ជាមួយនឹងការបើកទ្វារប្រទេសទទួលទេសចរណ៍អន្តរជាតិ ដែលកម្ពុជានឹងអាចទទួលបានភ្ញៀវច្រើន ព្រោះ រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រជាជននៅលើពិភពលោកបានឃុំខ្លួនឯង ហេតុនេះនៅពេលស្ថានភាពប្រសើរ ពួកគេនឹងចេញដើរកំសាន្តច្រើន"។ អ្នកស្រីបន្តថា "វិស័យទេសចរណ៍នឹងមានសន្ទុះកើនឡើងខ្លាំង នាពេលខាងមុខឆាប់ៗនេះ"។
ជាមួយគ្នានេះ លោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១ ធ្នូនេះថា ការបង្ហាញខ្លួនរបស់មេរោគថ្មីនេះ នឹងមិនជាបញ្ហាទេ ព្រោះយើងមានវ៉ាក់សាំង ហើយអ្នកវិទ្យាសាស្រ្តបានប្រកាសពីការមានវ៉ាក់សាំងអាចទប់ជាមួយមេរោគនេះបាន។
លោកបន្តថា "ខ្ញុំគិតថាវាមិនជាបញ្ហាធំនោះទេ ព្រោះប្រជាជនលើពិភពលោកមានភាពសាំជាមួយមេរោគកូវីដ១៩រួចហើយ ហើយយើងក៏មានវ៉ាក់សាំងទប់មេរោគនេះររួចហើយ"។
ទោះជាយ៉ាងណាលោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានលើកឡើងដោយប្រយ័ត្នប្រយែងថា រហូតមកទល់ពេលនេះ យើងមិនទាន់ដឹងថាមេរោគនេះវាឆ្លងលឿន និងសាហាវកម្រិតណានៅឡើយទេ ហើយក៏មិនទាន់មានប្រទេសណាមួយ បានបិទទ្វារដោយសារមេរោគនេះនៅឡើយទេ។
លោកបន្តថា "ឥទ្ឋិពលរបស់មេរោគនេះ កម្រិតណាយើងមិនទាន់ដឹងទេ ប៉ុន្តែបើយើងប្រយ័ត្នបន្តិចក៏មិនខុសដែរ"។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងក្នុងភាពប្រុងប្រយ័ត្នផងដែរ ទាក់ទងនឹងមេរោគប្រភេទថ្មីនេះ ដោយលោកបានមានប្រសាសន៍ថា ប្រសិនជាមេរោគនេះ មិនអាចគ្រប់គ្រងបាន ហើយមនុស្សមិនអាចចេញដើរបាន ច្បាស់លាស់ណាស់វិស័យអចលនទ្រព្យ ក៏ដូចជាទិដ្ឋភាពផ្សេងទៀតនៃសេដ្ឋកិច្ចនឹងរងផលប៉ះពាល់។
លោកបន្តថា "វាជាសញ្ញាមួយមិនល្អច្រើននោះទេ ប៉ុន្តែបើយើងនិងពិភពលោកអាចគ្រប់គ្រងវាបាន នឹងមិនមានបញ្ហាអ្វីនោះទេ"។លោកបន្តថា "វិស័យអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមល្អបន្តិចម្តងៗ ហើយវានឹងកាន់តែប្រសើរ បើមេរោគOmicronមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ"៕
No comments:
Post a Comment