ដោយៈសុខុម
ប៉េកាំងៈ ទីក្រុងឈឹងទូ (Chengdu) បានប្រកាសវិធានការបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ លក់អចលនទ្រព្យរបស់ខ្លួន ដែលធ្វើឱ្យវាក្លាយជាទីក្រុងទី១ របស់ប្រទេសចិន ដែលបានបន្ធូរបន្ថយការរឹតបន្តឹង លើវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការក្ដៅដើម្បីរឹតបន្តឹងលើបំណុល។
យោងតាមកាសែត Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា ឱ្យដឹងថា ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានធ្លាក់ចូល ក្នុងវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០២០ បន្ទាប់ពីប្រទេសចិន ចាប់ផ្តើមដាក់ចេញវិធានការ ដើម្បីបញ្ឈប់ការទិញផ្ទះទុកលក់យកចំណេញ ដែលមិនមែនជាការទិញសម្រាប់រស់នៅពិតប្រាកដ។
ស្ថានភាពនេះ បានធ្វើឱ្យក្រុមហ៊ុនទាំងនោះ ជួបការលំបាកយ៉ាងខ្លាំង នៅក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ដោយសារលក់ផ្ទះក៏មិនចេញ ហើយស្នើឥណទានថ្មីដើម្បីដោះទាល់ក៏មិនបាន។
ទោះជាយ៉ាងណា កាលពីថ្ងៃពុធ ទី២៤ វិច្ឆិកា ទីក្រុងឈឹងទូ ដែលស្ថិតនៅភាគនិរតីបានប្រកាសថា ខ្លួននឹងពន្លឿនការអនុម័តសម្រាប់ការលក់ផ្ទះ និងឥណទានអចលនទ្រព្យ ហើយទន្ទឹមនេះ ក៏នឹងបន្ធូរបន្ថយការរឹតបន្តឹង លើការប្រើប្រាស់ប្រាក់ចំណូល ដែលបានពីការលក់មុនបញ្ចប់គម្រោង (Pre-sale) ផងដែរ។
ចំណាត់ការនេះ បានធ្វើឱ្យទីក្រុងដ៏សំខាន់នៃខេត្តស៊ីឈាន់ (Sichuan) មួយនេះក្លាយជាទីក្រុងទី១ ដែលចេញមុខដោះស្រាយបញ្ហានានា ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបប្រទះ ស្របពេលក្រុមមន្ត្រីទទួលរងសម្ពាធកាន់តែខ្លាំងឡើង ដែលទាមទារឱ្យពួកគេជួយគ្រប់គ្រងវិបត្តិនេះ ដែលអាចជះផលប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យអចលនទ្រព្យរបស់ប្រទេសចិនទាំងមូល។
រដ្ឋាភិបាលក្រុងប៉េកាំង បានបើកភ្លៀងខៀវថា ខ្លួនកំពុងតែបន្ធូរបន្ថយការរឹតបន្តឹងលើឧស្សាហកម្មអចលនទ្រព្យ ដោយកាលពីខែកញ្ញា ធនាគារកណ្តាលចិន បានណែនាំ ឱ្យមេៗហិរញ្ញវត្ថុ ជួយរដ្ឋាភិបាលថ្នាក់មូលដ្ឋាន នៅក្នុងការគាំទ្រទីផ្សារលំនៅដ្ឋាន ខណៈសេដ្ឋកិច្ចរបស់ប្រទេសចិន ទទួលបានសន្ទុះកំណើនយឺតបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
វិបត្តិនេះ បានលេចចេញកាន់តែច្បាស់ នៅពេលផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ដែលជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅ៣០០ពាន់លានដុល្លារ ហើយប្រឈមការក្ស័យធន។ ស្ថានភាពនេះ បានបង្កឱ្យមានការព្រួយបារម្ភថា វិបត្តិនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិន កាន់តែខ្លាំង ហើយអាចនឹងសាយភាយទូទាំងពិភពលោក។
រហូតមកទល់ពេលនេះ ក្រុមហ៊ុន Evergrande បានប្រឹងប្រែងដោះសងម្ចាស់បំណុលដោយជោគជ័យ ដើម្បីជៀសវាងការខកខាន ប៉ុន្តែបញ្ហាប្រឈមនានានៅតែមាន៕ Bangkok Post៕
No comments:
Post a Comment