ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ រាជធានីភ្នំពេញនឹងរីកកាន់តែធំ ចំនួនប្រជាពលរដ្ឋនឹងកើនឡើងស្របតាមនិន្នាការសកល ដែលប្រជាជនពីទីជនបទនឹងចូលមករស់នៅតាមទីក្រុង កាន់តែច្រើន ដែលតាមការព្យាករណ៍ទីក្រុងនេះ នឹងមានមនុស្សរស់នៅកើនដល់៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ។

កំនើនប្រជាសាស្រ្តនេះ នឹងធ្វើឲ្យរាជធានីនេះជោរជន់ដោយមនុស្ស ហើយបែបផែន និងបរិបទជីវិតនឹងផ្លាស់ប្តូរ ដោយសារកំនើនប្រជាពលរដ្ឋ ការកកស្ទះចរាចរណ៍ ការកើនឡើងនូវតម្លៃអចលនទ្រព្យ និងការរីកចម្រើននៃបច្ចេកវិទ្យា។
យោងតាមសេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញ ដែល propertyarea.asia បានលើកយកមកបង្ហាញជាថ្មីបានបង្ហាញថា រដ្ឋាភិបាលបានកំណត់លក្ខណៈវិនិច្ឆ័យលើ១៤ចំណុច ដូចជា ទី១ ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ ទី២ការដឹកជញ្ជូន ទី៣ ទីផ្សារអចលនវត្ថុ ទី៤ ទីផ្សារអចលនទ្រព្យ ទី៥ សង្កាត់មិនរៀបរយ ទី៦ ការកកើតនិងការរីកចំរើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣ ទី៧ លក្ខណៈសម្បត្តិរូបសាស្រ្តនិងតួនាទីលំហក្រុង ទី៨ សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេ ញ ទី៩ ទេសភាព និងសមាសភាគទីក្រុង ទី១០ កសិកម្មនិងនគរូបនីយកម្ម ទី១១ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុង ទី១២ មធ្យោបាយនិងសេវាសាធារណៈ ទី១៣ និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី១៤ ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហ។
ប្លង់គោលរាជធានីភ្នំពេញ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ តាមរយៈអនុក្រិតស្តីពី "ការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥"។ យោងតាមមាត្រា២ នៃអនុក្រិតលេខ៧៧ អនបប្រក ចុះថ្ងៃទី៧ មិថុនាឆ្នាំ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌជាផែនការកំណត់ចក្ខុវិស័យនិងយុទ្ឋសាស្រ្តរួម សម្រាប់ការអភិវឌ្ឈផ្នែករូបវ័ន្តហេដ្ឋារចនាសម្ព័ន្ឋ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នាក់ស្រុក ថ្នាក់ខ័ណ្ឌទៅនឹងតំបន់និងថ្នាក់ជាតិ។
ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ជាឯកសារយុទ្ឋសាស្រ្តបំរើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញមានគោលដៅ និងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រង និងតំរង់ទិសការអភិវឌ្ឈសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ឋទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំនើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុងរាជធានី តាមរយៈការតំរង់ទិស និងជំរុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឈន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ"។

នៅឆ្នាំ២០១៣ ប្រជាជនសរុបនៅរាជធានីភ្នំពេញ មានចំនួន១.៦៨៨.០៤៤នាក់ (តាមការធ្វើអង្កេតប្រជាសាស្រ្តកម្ពុជាឆ្នាំ២០១៣នៃក្រសួងផែនការ) ហើយអាចកើនដល់៣លាននាក់នៅឆ្នាំ២០២០។ កំនើននគរូបនីយកម្ម និងកំណើនសាងសង់សំណង់ធំថ្មីៗ លើសពី៥ជាន់មានប្រមាណ៦២៨អាគារ និងសំណង់បុរីចំនួន១១០ទីតាំង ពង្រាយនៅទាំងខ័ណ្ឌក្នុងក្រុង និងជាយក្រុងនិងបានជំរុញការរីកទីក្រុងទៅតំបន់ខាងក្រៅ ចេញពីខ័ណ្ឌកណ្តាលក្រុងស្ទើរតែហួសពីតំបន់រដ្ឋបាលរបស់ខ្លួន។
លោកម៉េង ប៊ុណ្ណារិទ្ឋមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ធ្លាប់បានថ្លែងថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញ ប្រមាណ១៥តំបន់ខុសៗគ្នា ដូចជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្មតំបន់ដែលត្រូវអភិរ័ក្សជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលំអិត តំបន់និមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។
លោកបានថ្លែងថា "នៅពេលនយោបាយកម្ពុជានៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឈ ការពង្រីកក្រុងអាចត្រូវ ពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់៥ឆ្នាំម្តង"។ លោកបន្ថែមថា"ប្លង់របស់យើងអាចមានការលំអៀង ដូច្នេះការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញ តាមស្ថានភាពជាក់ស្តែងនៃការរីកចំរើននគរូបនីយកម្មនិងកំណើនប្រជាសាស្រ្ត"។
ទោះជាយ៉ាងណាអ្នកជំនាញបានព្រមានថា ការអភិវឌ្ឍរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មិនមានផែនការនិងកំណត់តំបន់ប្រើប្រាស់ដី ឲ្យបានច្បាស់លាស់នៅឡើយទេ ពិសេសមិនទាន់មានការបែងចែកតំបន់ណា ត្រូវប្រើប្រាស់បែបណានៅឡើយទេ។
អ្នកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអតីតនាយិកាប្រចាំប្រ ទេសនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ដោយសារមិនទាន់មានការបែងចែកច្បាស់លាស់ បានធ្វើឲ្យសកម្មភាពសាងសង់អាគារខ្ពស់ៗ នៅរាជធានីភ្នំពេញ មិនមានសណ្តាប់ធ្នាប់របៀបរៀបរយ និងរក្សាបាននូវគុណភាពអាគារទាំងបរិស្ថាន គម្លាត និងខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់នោះទេ។

អ្នកស្រីបន្តថា "ការណ៍នេះនឹងធ្វើឲ្យប៉ះពាល់ដល់ សុខមាលភាពនៃការរស់នៅ ប៉ះពាល់ដល់គុណភាពជីវិត និងប៉ះពាល់ដល់អ្នកអភិវឌ្ឈន៍នាពេលអនាគតផងដែរ"។ អ្នកស្រីបន្តថា "ក្នុងចំណោមអាគារខ្ពស់ៗ រាប់រយនៅរាជធានីភ្នំពេញ មានតែអាគារប្រមាណ២០ប៉ុណ្ណោះ ដែលបានអនុវត្តន៍ និងគោរពតាមគោលការណ៍អភិវឌ្ឍន៍បែបបៃតង"៕
No comments:
Post a Comment