ដោយៈសុខុម
ហុងកុង: កាលពីដើមខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook) របស់ខ្លួនបានបន្ទាបការព្យាករអំពីកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២១ មកនៅត្រឹម៥,៩% ហើយព្រមានថា ការងើបឡើងវិញនៃសេដ្ឋកិច្ច កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ណាស់។
ក្រុមមេដឹកនាំនៃសេដ្ឋកិច្ចធំបំផុតទាំង២០ (G 20) របស់ពិភពលោកបានជួបប្រជុំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍ ទី៣០ តុលា ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យកិច្ចការកោះប្រជុំនេះ មានដំណើរការខ្លាំងឡើងវិញ គឺដូចពេលមួយដែលពួកគេបានរៀបចំកិច្ចប្រជុំកំពូលដល់ទៅ២ដងក្នុងមួយឆ្នាំ មិនយូរប៉ុន្មានក្រោយពីផ្ទុះវិបត្តិហិរញ្ញវត្ថុភិភពលោកក្នុងឆ្នាំ២០០៨។
ប្រទេសចិន ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនដ៏សំខាន់ នៃសេដ្ឋកិច្ចពិភពលោក បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ បរិយាប័ន្នភាព និងការអភិវឌ្ឍបៃតង នៅឯកិច្ចប្រជុំកំពូលលើកទី១៦ នៃក្រុមមេដឹកនាំប្រទេស G20។
*កិច្ចសហប្រតិបត្តិការប្រឆាំងការាតត្បាតវីរុសកូវីដ-១៩
មហាយក្សចិន ស្នើឱ្យ IMF ផ្ដោតលើការអភិវឌ្ឍសកល ដោយដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច ដែលពិភពលោកប្រឈម ខណៈពេលដែលវីរុសកូវីដ-១៩ កំពុងតែវាយលុកពិភពលោកនៅឡើយ។ កិច្ចសហប្រតិបត្តិការផ្នែកវ៉ាក់សាំង ទូទាំងពិភពលោកត្រូវបានប្រធានាធិបតីចិន លោកស៊ី ជីនពីង ផ្ដល់អាទិភាពខ្ពស់អំឡុងសុន្ទរកថារបស់លោក តាមរយៈ Video Conference ក្នុងសម័យប្រជុំដំបូងនៃកិច្ចប្រជុំកំពូលនោះ។
លោកបានស្នើគំនិតផ្តួចផ្តើមសកម្មភា ពកិច្ចសហប្រតិបត្តិការវ៉ាក់សាំងសកល (Global Vaccine Cooperation Action) ដែលមាន៦ចំណុច ដោយផ្តោតលើកិច្ចសហប្រតិបត្តិផ្នែកការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង ការចែកចាយវ៉ាក់សាំងដែលមានលក្ខណៈត្រឹមត្រូវជាងមុន ការលះបង់កម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងកូវីដ-១៩ ការធ្វើពាណិជ្ជកម្មវ៉ាក់សាំងដោយរលូន ការទទួលស្គាល់ទៅវិញទៅមកនូវវ៉ាក់សាំង និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កិច្ចសហប្រតិបត្តិការសកលផ្នែកវ៉ាក់សាំង។
អង្គការសុខភាពពិភពលោក (WHO) បានកំណត់គោលដៅ២ ដើម្បីដោះស្រាយការរីករាលដាលវីរុសកូវីដ-១៩ នោះគឺការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច៤០%នៃចំនួនប្រជាជនពិភពទូទាំងលោក នៅត្រឹមដំណាច់ឆ្នាំនេះ និងបង្កើនវាឱ្យឈានដល់៧០%នៅពាក់កណ្តាលឆ្នាំ២០២២។
ប្រទេសចិន បានផ្តល់វ៉ាក់សាំងជាង១,៦ពាន់លានដូស សម្រាប់ជាង១០០ប្រទេស និងអង្គការអន្តរជាតិនានារហូតមកទល់ពេលនេះ។
លោក ស៊ី ជីនភីង បានបញ្ជាក់ថា ប្រទេសចិន នឹងផ្តល់វ៉ាក់សាំងសរុបឱ្យបានជាង២ពាន់លានដូស សម្រាប់ពិភពលោកសម្រាប់ពេញមួយឆ្នាំ២០២១នេះ ហើយថា ប្រទេសចិន កំពុងដំណើរការផលិតវ៉ាក់សាំងរួមគ្នាជាមួយប្រទេសចំនួន១៦។
*ការកសាងសេដ្ឋកិច្ចពិភពលោកបើកចំហ
នៅក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រធានាធិបតី ស៊ី ជីនពីងបានសង្កត់ធ្ងន់ថា ក្រុមប្រទេស G20 គួរតែផ្តល់អាទិភាព លើការអភិវឌ្ឍការសម្របសម្រួលគោលនយោបាយម៉ាក្រូ ដោយអំពាវនាវឱ្យការអភិវឌ្ឍសកល ត្រូវបានធ្វើឡើងដោយសមធម៌ មានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្នជាងមុនដើម្បីធានាថា គ្មានប្រទេសណាមួយត្រូវគេទុកចោល។
លោកស៊ី ជីនពីងបានថ្លែងថា "បណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន គួរតែបំពេញការសន្យារបស់ខ្លួន លើជំនួយអភិវឌ្ឍន៍ផ្លូវការ ហើយផ្តល់ធនធានបន្ថែមទៀតសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍"។
ទន្ទឹមនេះលោកក៏បានស្វាគមន៍ ការចូលរួមយ៉ាងសកម្មរបស់ប្រទេសជាច្រើនទៀតនៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (Global Development Initiative) ផងដែរ។
លោក ស៊ី ជីនពីង បានបន្ថែមទៀតថា គំនិតផ្តួចផ្តើមនេះ គឺមានភាពស៊ីគ្នាយ៉ាងខ្លាំងជាមួយនឹងគោលដៅ និងអាទិភាពរបស់ក្រុមប្រទេស G20 នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍសកល។
*ការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍន៍បៃតង
ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ លោក ស៊ី ជីនពីង បានជំរុញឱ្យបណ្ដាប្រទេសអភិវឌ្ឍន៍ដឹកនាំជាគំរូគេ លើការកាត់បន្ថយការបំភាយឧស្ម័ន។ លោកលើកឡើងថា ប្រទេសនានា គួរតែជួយជ្រោមជ្រែងពេញទំហឹង នៅក្នុងការដោះស្រាយការលំបាក និងក្ដីបារម្ភនានា របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប្តេជ្ញាផ្ដល់ហិរញ្ញប្បទានអាកាសធាតុ និងផ្តល់បច្ចេកវិទ្យា ការកសាងសមត្ថភាព និងការគាំទ្រផ្សេងទៀត សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
លោកបន្តថា "នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យនៃ COP26 (សន្និសីទអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ) នាពេលដ៏ខ្លីខាងមុខ"។
ជាច្រើនលើកច្រើនសាមកហើយដែលលោក ស៊ី ជីនភីង បានលើកឡើងឆ្លុះបញ្ចាំងពីទស្សនៈរបស់ប្រទេសចិន ចំពោះការគ្រប់គ្រងបញ្ហាអាកាសធាតុពិភពលោក និងបានសម្តែងការគាំទ្រ ពេញទំហឹងរបស់ប្រទេសចិន ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានសម្រួល ឱ្យមានវឌ្ឍនភាពធំធេងនៅកម្រិតពិភពលោក៕ CGTN៕
No comments:
Post a Comment