ដោយ សុខុម

ហាណូយ: ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់ប្រទេសវៀតណាម បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៣១ តុលា ថា ខ្លួននឹងបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់រវាងទីក្រុងធំៗ២នៃប្រទេសនេះ និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចាប់ពីឆ្នាំក្រោយនេះទៅ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣១ តុលា ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានឱ្យដឹងថា ជាដំបូងខ្លួននឹងធ្វើការហោះហើរទៅមកចំនួន៦ជើងក្នុងមួយសប្តាហ៍ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ ដោយតភ្ជាប់ក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងក្រុងហាណូយ ជាមួយទីក្រុងឡុងដ៍។

ក្រុមហ៊ុននេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួននឹងដំណើរការយន្តហោះធុន Boeing 787-9 Dreamliner សម្រាប់ផ្លូវថ្មីទាំងនេះ។

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ Bamboo Airways ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក៏ធ្លាប់បានប្រកាសដែរថា ខ្លួនគ្រោងដំណើរការជើងហោះហើរផ្ទាល់វៀតណាម-អាមេរក ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំនេះផងដែរ៕ Reuters៕