ដោយៈសុផារី

អាមេរិកៈ សេដ្ឋកិច្ចអាមេរិកកើនឡើងក្នុងល្បឿនយឺតបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ផ្ទុះឡើង ដែលធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកាន់តែតានតឹង និងបណ្តាលឱ្យមានការខ្វះខាតទំនិញ ដូចជារថយន្តជាដើម ដែលរារាំងការចំណាយរបស់អ្នកប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់កាសែតReuters កាលពីថ្ងៃទី២៨ ខែតុលានេះ។

នាយកដ្ឋានពាណិជ្ជកម្មអាមេរិក (Commerce Department) បាននិយាយកាលពីថ្ងៃម្សិលមិញថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ២ភាគរយកាលពីត្រីមាសមុន។ នោះគឺជាល្បឿនយឺតបំផុត ចាប់តាំងពីត្រីមាសទី២នៃឆ្នាំ២០២០ នៅពេលដែលសេដ្ឋកិច្ច បានទទួលរងនូវការធ្លាក់ចុះជាប្រវត្តិសាស្ត្រ បន្ទាប់ពីមានវិធានការចាំបាច់ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់រលកទីមួយនៃករណីកូវីដ១៩។

កាសែតដដែលបានសរសេរថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងអត្រា៦.៧ភាគរយនៅក្នុងត្រីមាសទីពីរឆ្នាំ២០២១។ ការឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) បានធ្វើឱ្យខ្វះកម្លាំងពលកម្ម កាន់តែច្រើននិងធ្ងន់ធ្ងរទៅៗ នៅរោងចក្រ អណ្តូងរ៉ែ និងកំពង់ផែ ដែលធ្វើអោយខ្សែសង្វាក់ផ្គត់ផ្គង់កើនឡើង។

អ្នកជំនាញសេដ្ឋកិច្ចបានព្យាករណ៍ និងប្រាប់កាសែត Reuters ថា GDP អាមេរិកនឹងកើនឡើងក្នុងអត្រា២.៧ ភាគរយកាលពីត្រីមាសមុន។

អតិផរណាខ្លាំង ដែលបណ្តាលមកពីកង្វះខាតផ្នែកសេដ្ឋកិច្ច និងប្រាក់ជំនួយសង្គ្រោះជំងឺរាតត្បាតពីរដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិសុខភាពសាធារណៈ បានកើនឡើងខ្ពស់។ ការជំរុញសារពើពន្ធ និងព្យុះ Hurricane Ida ដែលបានបំផ្លិចបំផ្លាញផលិ​តកម្មថាមពល នៅឯនាយសមុទ្ររបស់សហរដ្ឋអាមេរិក កាលពីចុងខែសីហា ក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។

ការចំណាយរបស់អ្នកប្រើប្រាស់ ដែលរួមចំណែកច្រើនជាង២ភាគ៣ នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រា១.៦ភាគរយ បន្ទាប់ពីល្បឿនកំណើនដ៏រឹងមាំ១២ភាគរយ នៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា។ ក្រៅពីរថយន្តដែលមានការជាប់គាំង ជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) ក៏បានកាត់បន្ថយការចំណាយលើសេវាកម្ម ដូចជា ការធ្វើដំណើរតាមផ្លូវអាកាស និងការទទួលទានអាហារនៅខាងក្រៅ ជាដើម។

ប៉ុន្តែគេក៏រំពឹងថា នឹងមានសញ្ញាដែលសកម្មភាពសេដ្ឋកិច្ចកើនឡើង នៅចុងត្រីមាសនេះ។ អត្រាការផ្លងមានការថយចុះគួរឱ្យកត់សម្គាល់ ការកើលឡើងនៃការចាក់ថ្នាំវ៉ាក់សាំង ហើយស្ថានភាពសុខភាពសាធារណៈ មានភាពប្រសើរឡើង បានជួយបង្កើនទំនុកចិត្តរបស់ប្រជាជនក្នុងខែនេះ៕