ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន រដ្ឋាភិបាលគ្រោងបង្កើនការផ្គត់ផ្គង់អគ្គិសនី ប្រើប្រាស់សូឡាឲ្យដល់៥០០មេហ្កាវ៉ាត់នៅឆ្នាំ២០២៣ខាងមុខនេះ។

គិតត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន៧គម្រោងបន្ថែម អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការបន្ថែម ដោយនឹងរួមចំណែកប្រមាណ២០ភាគរយ នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។

លោកអ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាកម្រិតខ្ពស់រវាងសិង្ហបុរី-ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ កាលពីថ្ងៃទី២៦ ខែតុលាកន្លងមកថា បច្ចុប្បន្ននេះ រោងចក្រថាមពលសូឡារួមចំណែក ៩% នៃថាមពលរបស់កម្ពុជា។ ដោយឡែក នៅឆ្នាំ ២០២៣ នឹងមានរោងចក្រ៧ទៀត ដែលនឹងរួមចំណែកដល់ទៅ២០ភាគរយ។

បច្ចុប្បន្នកម្ពុជាមានស្ថានីយ៍ ថាមពលពន្លឺព្រះអាទិត្យភ្ជាប់ចូលបណ្តាញជាតិ មានអនុភាពសរុបប្រមាណ១៦០មេហ្គាវ៉ាត់ មានទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង៕