ដោយៈ សុផារី

កោះកុងៈ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានជំរុញក្រុមហ៊ុនវិស្សមកាលតារាសាគរ ពន្លឿននូវការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរឱ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ ផ្តើមដំណើរការ នៅក្នុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាលតារាសាគរ នាចុងខែវិច្ឆិកាខាងមុខនេះ កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ ក៏បានប្តេជ្ញាខិតខំធ្វើឱ្យបានឆាប់រួច​រាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ខណៈបច្ចុប្បន្ននេះបានសាងសង់ជិតរួចរាល់ហើយ នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងអគារអ្នកដំណើរតែប៉ុណ្ណោះ។ ព្រលាននេះនឹងត្រៀមបើកការទទួលជើងហោះហើរសាកល្បង នៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងអាចបើកជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២ ក្នុងនោះអគារនេះអាចមានលទ្ធភាពទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំផងដែរ។

លោក ថោង ខុន បានណែនាំលម្អិតពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប និងការត្រៀមអភិវឌ្ឍន៍វិស័យទេស​ចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន "ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព"ដល់តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញ នៅក្នុងតំបន់វិស្សមកាលតារាសាគរ។

បន្ថែមពីនេះ លោកក៏បានណែនាំ ដល់ក្រុមហ៊ុនវិស្សមកាលតារាសាគរ ត្រូវខិតខំពង្រីកសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែសំបូរបែបបន្ថែមទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាឱ្យបានកាន់តែច្រើន ជាមួយនឹងសេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលមិនត្រឹមតែទទួលនូវភ្ញៀវទេសចរអន្តរជាតិនោះទេ ភ្ញៀវទេសចរផ្ទៃក្នុង ក៏អាចមកកំសាន្តកន្លែង ដែលមានផាសុខភាពនេះផងដែរ ខណៈពេលបច្ចុប្បន្ននេះភ្ញៀវទេសចរផ្ទៃក្នុងក៏ពុងតែចាប់ផ្តើមធ្វើដំណើរកម្សាន្ត តាមតំបន់គោលដៅទេសចរផងដែរ។

ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន ក៏បានសន្យាខិតខំពង្រីកសេវាកម្ម ក្នុងតំបន់របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកសម្សាន្ត ស្របជាមួយនឹងទីតាំងដែលមានផាសុខភាពសម្រាប់ភ្ញៀវផងដែរ។

លោកបានបញ្ជាក់ថា ស្របជាមួយនឹងការត្រៀមទទួលទេសចរវ៉ាក់សាំង ក៏មិនត្រូវភ្លេចជាដាក់ខាតនូវការខិតខំពង្រឹងសុវត្ថិភាព ក្នុងទីតាំងរបស់ខ្លួនតាមរយៈការសំអាត និងបាញ់ថ្នាំសំលាប់មេរោគឱ្យបានញឹកញាប់ តាមគោលដៅក្នុងតំបន់របស់ខ្លួន ឱ្យមានផាសុខភាព ស្របតាមផែនការ «ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» ដែលក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសទទួលភ្ញៀវជាតិនិងអន្តរជាតិ ចាក់វ៉ាក់សាំងប៉ុណ្ណោះ៕