ដោយៈសុខុម

ក្រុងរីយ៉ាដ: លោក Alain Bejjani នាយកប្រតិបត្តិក្រុមហ៊ុនលក់រាយ និងបដិសណ្ឋារកិច្ច Majid Al-Futtaim ដែលមានមូលដ្ឋាននៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានថ្លែងប្រាប់សារព័ត៌មាន Arab News នៅថ្ងៃសុក្រ ទី២៩ តុលា នេះថា គម្រោងផ្សារទំនើបខ្នាតយក្ស Mall of Saudi នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការហើយ។

ភ្លាមៗក្រោយពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើបនេះ លោក Alain Bejjani បានថ្លែងពីទីក្រុងរីយ៉ាដ ថា "វានឹងក្លាយជាផ្សារទំនើបធំបំផុតមួយក្នុងពិភពលោក ដែលមានលក្ខណៈទំនើបអស្ចារ្យ ដែលនឹងធ្វើឱ្យអតិថិជន ទទួលបានបទពិ​សោធន៍ដើរទិញអីវ៉ាន់ពិសេសមិនធ្លាប់មាន នៅហាងលក់រាយឈានមុខគេបែបថ្ងៃអនាគត។ ផ្សារទំនើបនេះ នឹងក្លាយជាចំណុចទាក់ទាញដ៏ធំមួយ សម្រាប់ការដើរទិញអីវ៉ាន់ ការលម្ហែកាយ និងការកម្សាន្ត ហើយទន្ទឹមនេះវាក៏ជាទីតាំងទេសចរណ៍ដ៏ធំ ទាំងសម្រាប់ទេសចរក្នុងស្រុក និងទេសចរបរទេសផងដែរ"។

គម្រោងផ្សារទំនើបដ៏ធំ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ ជាមួយនឹងទុនវិនិយោគរហូតដល់ទៅ៤,៣ពាន់លានដុល្លារអាមេរិក នេះនឹងរួមមានទាំងសណ្ឋាគារចំនួន៦ និងលំនៅដ្ឋានរហូតដល់ ទៅប្រមាណ១.៦០០យូនីតផងដែរនៅក្នុង "សហគមន៍រួមមួយដែលផ្តល់បែបបទរស់នៅថ្មីសន្លាង មិនធ្លាប់មានស្របតាមចក្ខុវិស័យឆ្នាំ២០៣០"។

លោក Alain Bejjani បានបញ្ជាក់ថា នៅក្នុងផ្សារទំនើប ដែលគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរ ក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ក៏នឹងមានជម្រាលជិះស្គី និងទីលានព្រិលទឹកកកផងដែរ។

ទោះបីជាវឌ្ឍនភាពលើគម្រោងនេះ មានការយឺតយ៉ាវដោយសារការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏គម្រោងផ្សារទំនើបនេះកំពុងទាក់ទាញ អ្នកជួលបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់៕ Arab News៕