ដោយៈសុខុម

តូក្យូ: ស្ងាត់ៗស្រាប់តែក្រុមហ៊ុន Honda Motor Co ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ កញ្ញា ថា ខ្លួននឹងផលិតរ៉ុក្កែតខ្នាតតូច ដែលអាចប្រើឡើងវិញបានសម្រាប់បាញ់បង្ហោះយានសាកល្បង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី០១ តុលា នេះ។

សារព័ត៌មានជប៉ុន Jiji Press បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន មួយនេះមានគម្រោងផលិតរ៉ុក្កែត សម្រាប់បាញ់បង្ហោះផ្កាយរណប ចូលទៅក្នុងអវកាស ក្នុងរយៈកម្ពស់រហូតដល់ទៅ២.០០០គីឡូម៉ែត្រនៅឆ្នាំ២០៣០។

ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើង នៅពេលក្រុមហ៊ុននេះគិតថា វិស័យលំហអវកាសនឹងផ្តល់ឱកាសអាជីវកម្មថ្មីៗដល់ខ្លួន។ ក្រុមហ៊ុននេះបានចាប់ផ្តើមអភិវឌ្ឍរ៉ុក្កែតតូចមួយកាលពីចុងឆ្នាំ២០១៩។

តម្រូវការផ្កាយរណបកំពុងកើនឡើង សម្រាប់ប្រើប្រាស់ក្នុងទូរគមនាគមន៍លើយន្តហោះ ឬនាវា និងការសង្កេតអាកាសធាតុ ខណៈរ៉ុក្កែតសម្រាប់បាញ់បង្ហោះផ្កាយរណបមានមិនគ្រប់គ្រាន់។

ក្រុមហ៊ុន Honda និយាយថា ខ្លួននឹងប្រើប្រាស់ចំណេះជំនាញបច្ចេកវិទ្យា ដែលខ្លួនទទួលបាន តាមរយៈការអភិវឌ្ឍរថយន្តបើកបរដោយខ្លួនឯង ដើម្បីផលិតផលិតរ៉ុក្កែតនេះ ហើយសង្ឃឹមថា នឹងយកមកប្រើប្រាស់ឡើងវិញ នូវផ្នែកខ្លះនៃរ៉ុក្កែតដែលខ្លួនបាញ់បង្ហោះរួចដើម្បីកាត់បន្ថយការចំណាយ។

លោក Atsushi Ogawa នាយកប្រតិបត្តិការនៃក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ Honda R&D Co. ដែលជាបុត្រសម្ព័ន្ធរបស់ Honda ថ្លែងថា "យើងមានបំណងបាញ់បង្ហោះផ្កាយរណបមួយនៅទសវត្សរ៍ឆ្នាំ២០២០"។

ក្រុមហ៊ុន Honda ក៏និយាយដែរថា ខ្លួននឹងលើកកម្ពស់ការស្រាវជ្រាវលើមនុស្សយន្តបញ្ជាពីភពផែនដី ដែលអាចដំណើរនៅលើភពព្រះច័ន្ទ។ កាលពីខែកុម្ភៈ ដើមឆ្នាំនេះក្រុមហ៊ុននេះ បានធ្វើការស្រាវជ្រាវរួមគ្នា ជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA លើមនុស្សយន្តនេះ៕ The Edge Markets៕