ដោយៈគង់ សួរិយា

ភ្នំពេញៈ ក្រោមហិរញ្ញប្នទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)គម្រោងកសាងផ្លូវប្របមាត់ឆ្នេរ ប្រវែងជាង១១គីឡូម៉ែត្រ ប្របមាត់ឆ្នេរកែប គ្រោងនឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ។

យោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប និងតំណាងADB កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងមកបានឲ្យដឹងថា កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ នឹងចាប់ពីក្រុងកែប ដល់ឆ្នេរអង្កោល ហើយគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ១០,៥លានដុល្លារ។

តាមការគ្រោងទុក ការសាងសង់នឹងចាប់ផ្តើមពីវិច្ឆិកា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់២២ខែ ពោលគឺគ្រោងនឹងនៅខែកញ្ញា ឆ្នាំ២០២៣។

គម្រោងផ្លូវប្របមាត់ឆ្នេរកែបនេះ ជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសច​រណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ក្រោមគម្រោងADB ក៏បានសម្រេចផ្ដល់ថវិកា១,៦លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នៅកោះទន្សាយផ្ទាល់តែម្ដង ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្តាលខែតុលានេះ៕