ដោយៈ សុផារី

ភ្នំពេញៈ សព្វថ្ងៃនេះការទិញដីឡូត៍មានហានិភ័យខ្ពស់ ប្រសិនបើយើងមិនស្គាល់អ្នកលក់ឬអ្នកអភិវឌ្ឍច្បាស់លាស់។ ស្រពពេលដែលចំនួនក្រុមហ៊ុនលក់ មានច្រើនសន្ធឹកសន្ធាប់ តើអាជីវករដែលបានទិញដីឡូត៍រួច និងកំពុងតែទិញ ឬមានបំណងចង់ទិញ គួរតែត្រួតពិនិត្យមើលឯកសារអ្វីខ្លះ ដើម្បីធានាសុវត្ថិភាពនៃការទិញលក់ និងបញ្ជៀសឱ្យផុតនូវបញ្ហានៅថ្ងមុខ?។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(GRA) បានសរសេរចែករំលែកគន្លឹះ សម្រាប់អ្នកដែលមានបំណងចង់ទិញដីឡូត៍ តាមបណ្តាញសង្គមរបស់លោកថា "មានមនុស្សជាច្រើន ដែលតែងតែបារម្មណ៍អំពីសុត្ថិភាពនៃការទិញ ។ ពួកគាត់តែងតែបារម្មណ៍ថា ខ្លាចទិញដីហើយមិនបានដី ទិញដីហើយបានដីមានជំលោះ ឬទិញដីហើយមិនបានប្លង់កម្មសិទ្ធិ ។ល។"។

លោកសរសេរបន្តថា ដើម្បីបញ្ជៀសឱ្យផុតនូវបញ្ហាខាងលើ ឬទិញដីប្រាកដជាបានដីនោះ បងប្អូនត្រូវតែចេះឆែកមើលនូវឯកសារខាងក្រោមនេះ មុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូត៍ដូចជា ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្រចុះបញ្ជីពន្ធដា ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន ប័ណ្ណពន្ធប៉ាតង់ ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន អាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុនជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នេះ។ទទី៦. ក្រុមមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នេះត្រូវតែ បញ្ចាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយនោះទេ។

លោកឧកញ៉ាសំ សុខនឿនបានបន្តថា "ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ដែលបងប្អូនមានបំណងចង់ទិញ ឬបានទិញរួចហើយ មិនមាន៦ចំនុចខាងលើទេនោះ នោះបងប្អូនដែលជាអ្នកទិញដីឡូត៍ ពីក្រុមហ៊ុននេះនឹងមានហានិភ័យខ្ពស់ ដែលអាចបង្ករឱ្យមានបញ្ហានៅថ្ងៃអនាគត"៕