ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក មកវិនិយោគនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patric Murphy កាលពីម្សិលម៉ិញនេះ។
លោកស៊ុន ចាន់ថុលក៏បានបង្ហាញពីបំណងចង់ឃើញ អ្នកវិនិយោគសហរដ្ឋអាមេរិក ចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដូចជា ផ្លូវជាតិលេខ៤ ដែលសាងសង់ឡើង ដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិក ផ្ដល់ជំនួយបច្ចេកទេសជាសម្ភារៈ បរិក្ខារ សម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវផងដែរ។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្រោយជំនួបសម្តែងការគួរសមរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះពិនិត្យមើលទីតាំង និងសម្ភារៈបរិក្ខារសម្រាប់ការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាចុះពិនិត្យមើលអាគារវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងទីតាំងសំខាន់ៗផ្សេងទៀតរបស់ក្រសួង។
ក្នុងឱកាសនោះ លោកស៊ុន ចាន់ថុលក៏បានជម្រាបជូន លោករដ្ឋទូតសហរដ្ឋអាមេរិកអំពីគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្ន របស់ក្រសួងប្រកបដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕
No comments:
Post a Comment