ដោយៈវឌ្ឍនៈ
ភ្នំពេញៈ វិស័យអចលនទ្រព្យត្រូវបានចាត់ទុកថា ជាវិស័យមួយកំពុងមានការពេញនិយម និងមានប្រជាប្រិយខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងទោះបីស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិយ៉ាងណាក្ដី ក៏វិស័យនេះនៅតែទទួលបានការទិញ លក់ជាបន្តបន្ទាប់ដដែល។
ដូច្នេះដើម្បីឱ្យអ្នកទិញអចលនទ្រព្យ ឬអ្នកវិនិយោគអចលនទ្រព្យ កាន់តែមានពន្លឺកាន់តែច្បាស់ យើងសូមលើកយកចំនុចគោលៗចំនួន៦ ជាមូលដ្ឋានដើម្បីទុកជាមូលដ្ឋានសំរាប់ពិចារណា។
១. គោលបំណង
ជាធម្មតាវិនិយោគិន តែងតែមានភាពច្បាស់លាស់ ទៅលើគោលបំណងនៃការវិនិយោគ។ ក្នុងការកំណត់ប្រភេទ នៃគោលបំណងនោះរួមមានទាំង ការទិញសម្រាប់រស់នៅ ទុកជួល និងទុកសម្រាប់លក់ (រយៈពេលយូរ និងខ្លី) ដើម្បីទទួលបានផលចំណេញ។
២. ដើមទុន
ដឹងពីលទ្ធភាពដែលខ្លួនអាចចាយលើការវិនិយោគ ទាំងទំហំ និងប្រភពដើមទុន ជាលុយសន្សំផ្ទាល់ខ្លួន ឬប្រាក់កម្ចី ឬត្រូវប្រមូលបានមកពីឲ្យបានច្បាស់។ ជំហានបឋមនេះ គឺដើម្បីងាយស្រួល កំណត់នូវជម្រើសនៃការវិនិយោគរបស់អ្នកថា លទ្ធភាពដែលអ្នកអាចវិនិយោគនេះ សក្ដិសមទៅនឹងអចលនទ្រព្យប្រភេទណា ទំហំប៉ុណ្ណា និងកត្តាមួយចំនួនទៀតដូចខាងក្រោម។
៣. តម្លៃទីផ្សារ
ការសិក្សាស្វែងយល់ និងប៉ាន់ប្រមាណពីរបត់នៃទីផ្សារ ពិតជាចាំបាច់មិនអាចរំលង សម្រាប់អ្នកចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យ។ អ្នកត្រូវពិចារណាលើស្ថានភាព សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជា ប្រៀបធៀបតម្លៃជាមួយអចលនទ្រព្យដទៃនៅក្នុងតំបន់នោះ ( ឧទាហរណ៍ ប្រៀបធៀបតម្លៃដីក្នុងមួយ ម៉ែត្រការ៉េ)។
ស្របគ្នានេះអ្នកក៏គួរគិតទុកនូវយុទ្ធសាស្ត្រ និងរៀនចេះវិភាគ តាមដានបម្រែបម្រួលតម្លៃនៃ អចលនទ្រព្យផង។
៤. សំណង់
សម្រាប់អចលនទ្រព្យមានសំណង់ ជាផ្ទះឬអគារ អ្នកមើលទៅលើគុណភាពសំណង់ជាសំណង់ចាស់ឬថ្មី ហើយរឹងមាំដែរទេ ដើម្បីជៀសវាងទិញរួចខាតលុយ ប្រសិនបើសំណង់នោះ អាចជះផលប៉ះពាល់ដល់ការរស់នៅ ឬការដាក់លក់បន្ត។ល។
៥. ទីតាំងភូមិសាស្រ្ត
មិនថាផ្ទះ វីឡា អាផាតម៉ិន ឬដីធ្លី ទីតាំងភូមិសាស្ត្ររបស់វា តែងមានទំនាក់ទំនងទៅនឹងតម្លៃនៃអចលនទ្រព្យនោះ។ អ្នកគួរមើលថា ទីកន្លែងនោះជាទីប្រជុំជនទេ ហើយវាសមប្រកបទៅតាមអ្វី ដែលអ្នកចង់បានដែរទេ។ ក្រៅពីនេះអ្នកគួរមើលលើបណ្ដាញគមនាគមន៍ ថាតើកន្លែងនោះជាផ្លូវធំឬផ្លូវលំ មានទឹក និងមានអគ្គិសនីទៅដល់ហើយឬនៅ។ កត្តាទាំងនេះ វាបង្ហាញពីភាពងាយស្រួលសម្រាប់ការស់នៅ និង អាចកំណត់លទ្ធភាពទទួលបានផលចំណេញពីការវិនិយោគនោះ។
៦. សក្ដានុពលនៃតំបន់
វិនិយោគិន គួរតាមដានគម្រោងអភិវឌ្ឍជុំវិញតំបន់ផ្សេងៗ រួមមានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្សារទំនើប ក្រុងរណប ព្រលានយន្តហោះជាដើម។ ដោយសារកត្តាទាំងនេះ នឹងជះឥទ្ធិពលទៅលើតម្លៃអាចធ្វើឲ្យដីឡើងថ្លៃ និងសក្ដានុពលក្នុងការវិនិយោគនាថ្ងៃអនាគត៕
No comments:
Post a Comment