ដោយៈសុខុម
ប៉េកាំង: រដ្ឋាភិបាលចិនបានប្រកាសថា ថ្លៃឈ្នួលផ្ទះនៅតាមទីក្រុងនានា មិនត្រូវឡើងលើសពី៥%ឡើយក្នុងមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០១ កញ្ញា នេះ។

នេះគឺជាចំណាត់ការដំបូង មិនធ្លាប់មានរបស់រដ្ឋាភិបាលចិន នៅក្នុងការកំណត់ថ្លៃឈ្នួលផ្ទះ ហើយវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យលំនៅដ្ឋានកាន់តែមានតម្លៃសមរម្យ ដែលពលរដ្ឋចិនទូទៅអាចមានលទ្ធភាពទិញ ឬជួល។
ស្ថានភាពលំបាករបស់ពលរដ្ឋ ដែលមានប្រាក់ចំណូលទាប បានក្លាយជាចំណុចស្នូល នៃគោលនយោបាយរបស់រដ្ឋាភិបាលចិន ស្របពេលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្ដេជ្ញាកាត់បន្ថយគម្លាតកម្រិតជីវភាព ឬវិសមភាពសង្គមរបស់ពលរដ្ឋ ដើម្បីឆ្ពោះឈានទៅរក "ភាពរុងរឿងទាំងអស់គ្នា"។
ថ្លៃឈ្នួលផ្ទះក្នុងទីក្រុងធំៗនានា បានហក់ឡើងខ្ពស់កាលពីរដូវក្តៅ ដែលមួយអន្លើដោយសារនិស្សិតទើបបញ្ចប់ការសិក្សា សម្រុកចូលទៅក្នុងទីក្រុងទាំងនោះ ដើម្បីស្វែងរកការងារធ្វើ។ ក្រុងប៉េកាំង និងក្រុងស៊ឹនជិន (Shenzhen) បានចាប់ផ្តើមអនុវត្តវិធានការនានានៅឆ្នាំនេះដើម្បីជំរុញការផ្គត់ផ្គង់ផ្ទះជួល។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីក្រុងធំៗបានចេញសេចក្ដីព្រាងវិធានស្ដីពីការជួលផ្ទះ ដើម្បីផ្ដល់ការការពារកាន់តែប្រសើរ លើសិទ្ធិរបស់អ្នកជួល រួមទាំងបម្រាមមិនឱ្យម្ចាស់ផ្ទះ យកប្រាក់កក់លើសពីថ្លៃឈ្នួលផ្ទះមួយខែផងដែរ។
អាជ្ញាធរក៏នឹងធ្វើការបង្ក្រាបផងដែរ ទៅលើការអនុវត្តបំពានពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យ និងPlatform អចលនទ្រព្យតាមអនឡាញ ដូចជា ការយកថ្លៃលើសហួសហេតុពីអ្នកជួលផ្ទះជាដើម។
វិធានទាំងនេះគឺជាផ្នែកមួយ នៃវិធានការបោសសម្អាតទីផ្សារអចលនទ្រព្យឱ្យស្អាតនៅរយៈពេល៣ឆ្នាំក្រោយ ដើម្បីលុបបំបាត់ភាពមិនប្រក្រតីនានា ដែលបានធ្វើឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់ខ្លាំងដែលពលរដ្ឋចិន ទូទៅគ្មានលទ្ធភាពទិញសម្រាប់រស់នៅ៕
No comments:
Post a Comment