ដោយៈលក្ខិណា
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ែន សុវិជាតិបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យផ្សារនាំម៉ាកយីហោពីបរទេសចូលកម្ពុជា ទទួកលក់នូវផលិតផលផង ដើម្បីជាចំណែកមួយនៃទីផ្សាររបស់ផលិតផលកម្ពុជា ។
ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់អ្នកផលិតក្នុងស្រុក ពង្រឹងគុណភាពស្ដង់ដារផលិតផលរបស់ខ្លួន ដើម្បីដាក់លក់លើទីផ្សារ Franchise បរទេសទាំងនេះ ព្រោះថាកាលណាផលិតផលរបស់ខ្មែរមានគុណភាពល្អ មានគ្រប់តម្រូវការ និងមាននិរន្ដរភាពនៃការផ្គត់ផ្គង់ មិនយូរមិនឆាប់នោះទេ ផលិតផលខ្មែរនឹងមានកេរ្ដិ៍ឈ្មោះល្អ ព្រមទាំងមានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ។
លោកបន្តថា "កម្ពុជាតែងតែជំរុញឱ្យទីផ្សារទាំងនោះ ផ្សារ Franchise បរទេស ទទួលលក់នូវផលិតផលកម្ពុជា។ ជាក់ស្ដែងចំពោះទំនិញស្រស់ ដូចជា បន្លែ ផ្លែឈើ និងអាហារកែច្នៃខ្លះ មិនអាចនាំចូលបាននោះទេ ច្បាស់ជាត្រូវការទិញពីប្រជាកសិករនៅកម្ពុជា"។
លោកបន្ថែមថាកន្លងមក ក្រសួងពាណិជ្ជកម្មក៏បានសហកា រនិងបានចុះហត្ថលេខាជាមួយផ្សារទំនើប មកពីក្រៅប្រទេសដូចជាផ្សារ ម៉ាក្រូជាដើម ទទួលទិញបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រពីកម្ពុជា ដោយមិនបានបញ្ជាទិញទំនិញទាំងស្រុង ពីប្រទេសដើមនោះឡើយ ។
ជាមួយគ្នានេះ លោកសង្ឃឹមថា ផ្សារម៉ាតមកប្រទេសថៃ 7-Eleven នឹងទទួលយកទំនិញក្នុងស្រុកលក់ក្នុងផ្សារម៉ាតមួយនេះផងដែរ ។
បើតាមអ្នកផលិតនូវទំនិញជាច្រើន នៅក្នុងប្រទេសកម្ពុជា កំពុងតែពិបាកក្នុងការរកទីផ្សារសម្រាប់លក់ផលិតផល ជាក់ស្ដែងផ្លែមៀនកម្ពុជាជាច្រើនត្រូវគាំងទីផ្សារ នៅក្នុងបរិបទកូវីដនេះ ហើយបញ្ហាក្រៅពីនោះ គឺកសិករដែលចិញ្ចឹមត្រី ចិញ្ចឹមាន់ បានក៏ជួបប្រទះនឹងបញ្ហាទីផ្សារលក់មិនចេញផងដែរ ។
ដោយសារតែផលិតបានទំនិញមិនមានទីផ្សារ និងតម្រូវការនៅលើទីផ្សារបានធ្វើ ឱ្យម្ចាស់អាជីវកម្មជាច្រើន បានជួបនឹងវិបត្តិហិរញ្ញវត្ថុ មិនមានសាច់ប្រាក់សម្រាប់បង្វិលក្នុងដំណើរការអាជីវកម្ម ហើយម្ចាស់អាជីវកម្មជាច្រើន ក៏បាននិងកំពុងរត់រកការជួយពីស្ថាប័នហិរញ្ញវត្ថុ សម្រាប់គាំទ្រដំណើរការអាជីវកម្មបន្តទៀតផងដែរ៕
No comments:
Post a Comment