ដោយៈគង់ សូរិយា

ភ្នំពេញៈ មជ្ឈមណ្ឌលបណ្តុះបណ្តាល Lanmei Training Center នៅកម្ពុជា ​ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ ជាមួយ​កងទ័ព​ជើង​អាកាស​ បានបើក​ឱ្យមាន​ការហោះហើរ​ជាលើក​ដំបូង​របស់ខ្លួន។

មជ្ឈមណ្ឌលនេះ ស្ថិត​នៅ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​កម្ពុជា ​បន្ទាប់ពី​បានបណ្តុះ​បណ្តាល​ដល់​និស្សិត​នាពេល​កន្លង​មក​នេះ។

លោកគង់ មុនី ​នាយ​សេនាធិការ ​និង​ជាមេបញ្ជាការ​រង​កងទ័ព​ជើង​អាកាសបាន​ថ្លែង​ក្នុង​ពិធី​បើក​ការហោះហើរ​បង្ហាញ ​និង​ផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះ​ថា ​ការហោះហើរ​ជាលើក​ដំបូង​នេះ ​ក្រោម​កិច្ចសហការ​ រវាងកងទ័ពជើង​អកាស ​និង​មជ្ឈមណ្ឌល​ឡានមី ​ដែលជា​ផែនការ​យុទ្ធ​សាស្ត្រ​ក្នុង​រយៈពេល​វែង ​ក្នុង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​កម្ពុជា​ក្នុង​វិស័យ​ហោះហើរ​ ក៏ដូចជា​ផ្នែក​ជួសជុល​បច្ចេកទេស ​និង​បញ្ជា​យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកបន្តថា "នេះជា​ការរួម​ចំណែក​ក្នុង​ការកសាង​ធនធាន​មនុស្ស ​ជាពិសេស ​ផ្នែក​ជំនាញ​អាកាសយានិក (Pilots)​ នៅ​ក្នុង​វិស័យ​អាកាសចរណ៍​កម្ពុជា ​ឱ្យ​មានទាំង​បរិមា​ណ ​និង​គុណភាព ​ឱ្យដូច​ទៅនឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ​និង​នៅលើ​ពិភព​លោក"។

លោកគង់ មុនីបានបានបន្តថា កម្ពុជា​កំពុងតែ​មាន​ការអភិវឌ្ឍ ​ផ្នែក​អាកាសចរណ៍​ស៊ីវិល ​ដូចនៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ និង​នៅលើ​ពិភពលោក ​ដែល​តម្រូវការ​ធនធាន​មនុស្ស ​ក្នុង​ស្រុក​នៅ​ក្នុង​វិស័យ​នេះ​ត្រូវតែ​មាន​ជា​ចាំបាច់។

ជាមួយគ្នានេះ លោក​ ចាន់ ជីសេង​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​ប ណ្តុះបណ្តាល​ឡានមីបានមានប្រសាសន៍ឲ្យដឹងផងដែរ ​ថា ​ការបើក​មជ្ឈមណ្ឌល​បណ្តុះណ្តាល​ធនធាន​មនុស្ស ​ផ្នែក​ជំនាញ​អាកាសយានិក ​ធ្វើ​ឡើង​ដោយសារតែ​កម្ពុជា ​មាន​ការខ្វះខាត​ធនធាន​មនុស្ស ​ផ្នែក​ជំនាញ​នេះ ​ជាជនជាតិ​ខ្មែរ​ ខណៈ​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់​កម្ពុជា ​មាន​ការរីក​ចម្រើន។

មជ្ឈមណ្ឌល​នេះ ​គឺ​សម្រាប់​បម្រើ​ឱ្យ​និស្សិត​កម្ពុជា ​ដោយ​ពួកគេ​មិន​ចាំបាច់​ទៅ​រៀន​ នៅ​ក្រៅ​ប្រទេស​នោះ​ទេ ​គឺ​អាច​រៀន​នៅ​ក្នុង​ស្រុក​បាន ​ដើម្បី​បំពេញ​តម្រូវការ​ផ្នែក​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា។ កន្លង​មកនេះ ​កម្ពុជា​មាន​ការខ្វះខាត​ផ្នែក​អាកាស​យានិក ​វិស្វករ​ ពហុនិការ ​ដែល​ភាគច្រើន​ជាជន​ជាតិ​បរទេស៕