ដោយៈសុជាតា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងព្រាងអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Cambodia (Xi'an) Commercial Center Co., Ltd ដើម្បីជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន។

លោកកៅ កោសល អគ្គនាយក នៃអគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី ការកែសម្រួលសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមហ៊ុន Cambodia (Xi'an) Commercial Center Co., Ltd (CCC) ។
លោកបានណែនាំឱ្យធ្វើការកែសម្រួល លើខ្លឹមសារមួយចំនួន នៃអនុស្សរណៈនេះ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពការងារ និងកិច្ចសហប្រតិបត្តិការល្អលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

បន្ថែមពីនេះទៀត តាមរយៈអនុស្សរណៈនេះ ក្រសួងពាណិជ្ជកម្ម នឹងផ្តល់ទីតាំងនៅក្នុងស្ថានតំណាងពាណិជ្ជកម្ម ប្រចាំនៅទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យទៅក្រុមហ៊ុនខាងលើ ដើម្បីតាំងបង្ហាញផលិតផលខ្មែរ ផ្សព្វផ្សាយព័ត៌មាន និងជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕
No comments:
Post a Comment