ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកវិនិយោគក្នុងស្រុក បានបោះទុន៦២លានដុល្លារសាងសង់បុរី GB Residence បានប្រកាសផ្តល់សិទ្ធលក់ផ្តាច់មុខ ដល់ក្រុមហ៊ុន CMC Real Estate ដែលជាក្រុមហ៊ុនមានជំនាញ និងបណ្តាញលក់យ៉ាងច្រើន។

GB Residence ជាបុរីស្ថិតនៅជាប់ផ្លូវក្រុងទី៣ និងផ្លូវទំហំ៥០ម៉ែត្រ ដែលមានសួនច្បារនៅចំកណ្តាល ពិសេសតំបន់នេះ នឹងក្លាយជាតំបន់មានសក្តានុពលខ្ពស់នាពេលអនាគត ដោយសារពេលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់ចប់ អ្នកដំណើរជាតិ និងអន្តរជាតិនឹងធ្វើដំណើរតាមផ្លួវនេះ ហេតុនេះអ្នកវិនិយោគផ្ទះក្នុងគំរោងនេះអាចប្រកបអាជីវកម្ម និងសេវាកម្មជាច្រើនផងដែរ។
បុរី GB សាងសង់ឡើង ស្ថិតនៅលើផ្ទៃដីជិត១០ហិកតា ដោយគម្រោងនេះមានផ្ទះជាច្រើនប្រភេទដូចជាផ្ទះអាជីវកម្ម ផ្ទះវីឡា។ ម៉ូដផ្ទះ នៅក្នុងគម្រោងនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម មានឈ្មោះល្បីល្បាញធ្លាប់ជាប់ពានរង្វាន់ប្រចាំ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែកក្កដាកន្លងមកនេះរវាង អ្នកនាង គ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate និងតំណាងបុរី GB Residence ពិសេសមានការចូលរួមពីលោកឧកញ៉ា តាំង គួងហាវ អគ្គនាយកបុរី GB Residence និងលោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
អ្នកនាង គ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate បានមានប្រសា សន៍ថា នេះជាថ្ងៃដ៏រីករាយមួយដែល ក្រុមហ៊ុន CMC Real Estate ទទួលបានទំនុកចិត្តពីអ្នកវិនិយោគបុរីដ៏ធំនេះ។ អ្នកនាងបន្តថា យើងមានក្រុមការងារដែលមានជំនាញ បុគ្គលិកដែល ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងដៃគូសហការជាច្រើន ដើម្បីធ្វើយ៉ាងណាធ្វើឱ្យគម្រោងនេះ លក់បានជោគជ័យតាមផែនការ។
បុរី GB Residence មានផ្ទះសរុបចំនួន៥៨៨ផ្ទះ ហើយបច្ចុប្បន្នផ្ទះក្នុងគំរោងនេះ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងផែនការរបស់ក្រុមហ៊ុន និងរបស់អតិថិជនដែលបានទិញគំរោងនេះកាន់តែច្រើន៕



No comments:
Post a Comment