ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

សេចក្តីព្រាងអនុក្រិតនេះ មានគោលដៅសំខាន់គឺដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាឱ្យមកវិនិយោគនៅកម្ពុជា ដែលវិស័យនេះនៅមានកម្រិតនៅឡើយ ហើយទាមទារឲ្យមានការវិនិយោគកាន់តែច្រើន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងខាងលើបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងបានបើកកិច្ចប្រជុំកម្រិត បច្ចេកទេសអន្តរក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកបន្តថា "ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមបណ្តាក់ទុន និងសិក្សាស្រាវជ្រាវនៅកម្ពុជា"។
លោកបន្តថា តាមរយៈការចូលមកវិនិយោគ ក្នុងសួននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានរំពឹងថា នឹងអាចផ្ទេរបច្ចេកវិទ្យា និងវិទ្យាសាស្រ្តក្នុងស្រុក។
សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតសំខាន់ទៅលើ ការធ្វើ Research and Development, Prototype រៀបចំសម្រាប់ការលើកទឹកចិត្តសម្រាប់អ្នកមានគំនិតនវានុវត្តន៍ ដូចជា Science Museum និងគិតគូដល់ការធ្វើ Artificial Intelligence Big Data ឬក៏ Robotics"។

រាជរដ្ឋាភិបាល គ្រោងនឹងបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានយ៉ាងតិច៣កន្លែងត្រឹមឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ៕
No comments:
Post a Comment