ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងឆ្នាំ២០២២នេះ អ្នកជំនាញជាច្រើនបានរំពឹងទុកថាសកម្មភាពនៃការទិញលក់ដីធ្លី នឹងចាប់ផ្ដើមកក្រើកឡើងវិញ ដោយសារតែសញ្ញាវិជ្ជមាន នៃស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសចាប់ផ្ដើមប្រសើរឡើងវិញជាបន្តបន្ទាប់។
ប៉ុន្តែអ្វីៗមិនទាន់មានសភាពរលូននៅឡើយទេ ដោយនៅតាមបណ្ដាខេត្តមួយចំនួន សំបូរទៅដោយអ្នកលក់ដី តែមិនសូវមានអ្នកស្វែងរកទិញដីនោះទេ។
លោកមាឃ រឹទ្ធីជ័យ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីបានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា កាលពីមុននៅក្នុងខេត្តមណ្ឌលគីរី មានអ្នកស្វែងរកទិញដីច្រើន ដែលធ្វើឱ្យតម្លៃដីធ្លីបានហក់ឡើងជាបន្តបន្ទាប់ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ប៉ុន្តែចូលដល់ឆ្នាំ២០២២ សកម្មភាពនៃការទិញលក់ដីធ្លីមិនសូវមានទេ នៅក្នុងខេត្តមួយនេះ ។
លោកបន្តថា "បច្ចុប្បន្ននេះ នៅក្នុងខេត្តមណ្ឌលគីរី សំបូរទៅដោយអ្នកលក់ដី ដោយឃើញដីជាច្រើនបានដាក់ផ្លាកលក់ មិនថាដីនៅក្នុងក្រុង ឬដីនៅតាមស្រុកឡើយ"។លោកបន្តថា "សម្បូរអ្នកលក់ ប៉ុន្តែសម្រាប់អ្នកទិញវិញមិនសូវមានច្រើនទេ ដូច្នេះហើយទើបធ្វើឱ្យចរន្ត នៃការដោះដូរដីនៅក្នុងខេត្តមណ្ឌលគីរីមានតិចតួច"។
លោកមាឃ រឹទ្ធីជ័យបានបន្តថា ថ្វីត្បិតតែ មានអ្នកលក់ដីច្រើនជាងអ្នកទិញបែបនេះក្ដី តែមិនបានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ ធ្លាក់ចុះនោះឡើយ តម្លៃនៅតែរក្សាស្ថិរភាពដដែល គ្រាន់តែមិនមានការព្រមព្រៀងឬដោះដូរ។
លោកបន្តថា ពីមុនមានអ្នកវិនិយោគ មកពីខេត្តផ្សេងទៀតស្វែងរកទិញដីនៅមណ្ឌលគីរីច្រើនណាស់។ ខ្លះទិញសម្រាប់អភិវឌ្ឍន៍ជារីសត ផ្ទះសំណាក់ ឬបង្កើតជារមណីយដ្ឋាននានា ដូចជាមកពីខេត្តសៀមរាប បាត់ដំបង ពីភ្នំពេញ ក្រុងព្រះសីហនុជាដើម តែក្រោយមកក៏ស្ងាត់ទៅវិញ ។
សម្រាប់ពេលនេះ បើសិនជាវិនិយោគិនមានទុនគ្រប់គ្រាន់ ក្នុងការបណ្ដាក់ទុនវិនិយោគលើដីធ្លី អាចមានឱកាសក្នុងការរកប្រាក់ចំណេញនៅពេលអនាគត និងអាចជ្រើសរើសទីតាំង ដែលមានសក្ដានុពលបានផងដែរ ។
នៅពេលមានការប្រកាសលក់ច្រើនដូចពេលនេះ អ្នកទិញអាចមានឥទ្ធិពលក្នុងការចរចាជាមួយអ្នកលក់ ។
ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តឧត្តរមានជ័យលោក រ៉ៃ ឬទ្ធី ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ បើអ្នកមានលុយក្នុងការប្រមូលទិញដី នៅក្នុងខេត្តឧត្តរមានជ័យ នឹងក្លាយជាអ្នកមាននៅពេលអនាគត ពីព្រោះថាឧត្តរមានជ័យ ជាខេត្តជាប់ព្រំដែនថៃ ហើយវានឹងមានសក្ដានុពល កាន់តែខ្លាំងនៅពេលរដ្ឋាភិបាលអភិវឌ្ឍន៍ច្រកព្រំដែនអន្តរជាតិបន្ថែម។
ភ្នាក់ងាររូបនេះបានឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងខេត្តឧត្តរមានជ័យនាពេលនេះ នៅមានកម្រិតតិចតួចនៅឡើយតែនៅពេលអនាគត តម្លៃដីធ្លីនឹងមានសន្ទុះ ។ ដោយឃើញបែបនេះ អ្នកមានលុយក្នុងខេត្តផ្ទាល់បានប្រមូលទិញទុកយកចំណេញ ឬអាចទុកអភិវឌ្ឍន៍ដោយខ្លួនឯងនៅពេលខាងមុខ ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ក៏បានផ្ដល់ជាយោបល់ថា ដីធ្លីនៅតែមានឱកាស ក្នុងការរកប្រាក់ចំណេញនៅពេលអនាគត ។ ក្នុងស្ថានភាពបែបនេះ អ្នកមានចំណូលល្មមៗ មិនគួរវិនិយោគទៅលើផ្ទះខុនដូនោះទេ តែអាចទិញដីតម្លៃសមរម្យ ទុកយកចំណេញនៅពេលខាងមុខបាន៕
No comments:
Post a Comment