ដោយសហការី
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ខុនដូ L Tower នៅកណ្ដាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាដៃគូលក់ Master Agency ជាមួយនឹងក្រុមហ៊ុន GC Realty ដើម្បីជំរុញការលក់ខុនដូនេះឱ្យបានលឿនតាមការគ្រោងទុក ។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅថ្ងៃទី៩ កក្កដា ២០២២នៅការិយាល័យលក់គម្រោងL Tower ជិតផ្សារទួលទំពូង ។
នៅក្នុងពិធីចុះហត្ថលេខាលោកស្រីហេង មួយលាង នាយិកាប្រតិបត្តិនៃក្រុមហ៊ុន L Village Co.,Ltd បានមានប្រសាសន៍ថា គម្រោងL Tower Loft Condo ជាគម្រោងថ្មីទាន់សម័យដែលមាន២ជាន់ក្នុងមួយយូនីត សាកសមបំផុតសម្រាប់ការរស់នៅតាមបែបសម័យបច្ចុប្បន្ន ព្រមទាំងសំណង់មានគុណភាព តម្លៃសមរម្យ ស្ថិតនៅទីតាំងមានសក្ដានុពលខ្ពស់ សាកសមនឹងតម្រូវការអតិថិជនគ្រប់រូប ។
លោកស្រីបន្តថា ការចុះហត្ថលេខាជាមួយក្រុមហ៊ុន GC Realty នឹងជំរុញឱ្យការលក់របស់គម្រោងខុនដូ L Tower នឹងសម្រេចបានតាមផែនការគឺនឹងលក់អស់នៅក្នុងឆ្នាំនេះស្របពេលបច្ចុប្បន្ននេះ គម្រោងL Tower ក៏ទទួលបានការគាំទ្រពីអតិថិជនជាប្រជាពលរដ្ឋកម្ពុជាច្រើនផងដែរ ។
អ្នកស្រីបន្ថែមថា បន្ទាប់ពីគម្រោងមួយនេះទទួលបានជោគជ័យ ក្រុមហ៊ុននឹងសម្លឹងមើលការអភិវឌ្ឍខុនដូ នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតជាពិសេសនៅរាជធានីភ្នំពេញ ស្របពេលនិន្នាការប្រជាពលរដ្ឋកម្ពុជាងាកទៅស្នាក់នៅក្នុងខុនដូក៏មានកំណើនខ្ពសជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពលរដ្ឋកម្ពុជាកាន់តែច្រើនបានទិញខុនដូសម្រាប់ស្នាក់នៅ ។
លោកកាំង នីន នាយកនិងជាដៃគូអាជីវកម្ម នៃក្រុមហ៊ុន GC Realty បានលើកឡើងផងដែរថា ក្រុមហ៊ុន GC Realty គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការប្រឹក្សាយោបល់ផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានភ្នាក់ងារលក់ជាច្រើននាក់ ដែលសុទ្ធតែមានបទសោធន៍និងមានជំនាញវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យ ដែលអាចជួយដល់អតិថិជនក្នុងការជ្រើសរើសគម្រោងអចលនទ្រព្យទៅតាមតម្រូវការ ជាពិសេសជួយសម្រួលក្នុងការទិញលក់សម្រាប់ភាគម្ចាស់គម្រោងនិងអតិថិជន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភាគទាំងសងខាង ។
លោកបន្តថា ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយ ក្រុមហ៊ុន GC Realty នឹងជំរុញការផ្សព្វផ្សាយពីគម្រោងរបស់ L Towerដើម្បីឱ្យដឹងដល់អតិថិជននិងអាចសួរនាំក្នុងការទិញគម្រោងខុនដូមួយនេះខណៈគម្រោងនេះលោកមើលឃើញថាជាគម្រោងប្លែកពីគេហើយរំពឹងថានឹងទទួលបានការគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ៕
No comments:
Post a Comment